រីយ៉ាដ៖ អារ៉ាប៊ីសាអូឌីត នឹងបន្ទាបតម្លៃប្រេងឆៅដែល ត្រូវបានដឹកជញ្ជូនទៅកាន់អាស៊ី និងអឺរ៉ុប នៅខែក្រោយ ប៉ុន្តែការដំឡើងតម្លៃ សម្រាប់បារ៉ែលផ្សេងទៀតភាគច្រើន ដែលផ្ញើទៅកាន់សហរដ្ឋអាមេរិក។
ក្រុមហ៊ុនចម្រាញ់ប្រេងអាស៊ី នឹងចំណាយប្រហែល ៤ដុល្លារ ក្នុងមួយបារ៉ែលតិចជាងនៅក្នុងខែតុលា បើប្រៀបធៀបទៅនឹងការចែកចាយខែកញ្ញា ខណៈពេលដែលការ នាំចេញទៅអឺរ៉ុបខាងជើង និងមេឌីទែរ៉ាណេ នឹងទាបជាងប្រហែល ២ដុល្លារក្នុងមួយបារ៉ែល។
ការធ្លាក់ចុះតម្លៃ គឺជាការកាត់បន្ថយតម្លៃ លើកដំបូង ក្នុងរយៈពេលប្រហែល ៤ខែ ហើយត្រូវបានគេរំពឹងទុកយ៉ាងច្រើន ខណៈដែលតម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះក្នុងរយៈពេល ប៉ុន្មានខែថ្មីៗនេះ។
ទន្ទឹមនឹងនេះ អ្នកទិញអាមេរិក នឹងចំណាយប្រហែល ០,៥០ដុល្លារបន្ថែមទៀត សម្រាប់ប្រេងអារ៉ាប៊ីសាអូឌីត ខណៈដែលតម្លៃ សម្រាប់ប្រេងឆៅអារ៉ាប់របស់ខ្លួន នឹងនៅតែមិនផ្លាស់ប្តូរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Business Insider។
ការផ្លាស់ប្តូរតម្លៃចុងក្រោយបំផុត របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានកើតឡើងនៅពេល ដែលទីផ្សារប្រេងពិភពលោក នៅតែតឹងតែងខ្លាំង ទោះបីជាតម្រូវការធ្លាក់ចុះបន្តិចក៏ដោយ។
កាលពីថ្ងៃចន្ទ អង្គការ OPEC+ បានឲ្យដឹងថា ក្រុមនេះនឹងកាត់បន្ថយ ការផលិតសម្រាប់ខែតុលា ចំនួន ១០០,០០០ បារ៉ែលក្នុង មួយថ្ងៃ។ រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Abdulaziz bin Salman ធ្លាប់បានអះអាងពីមុនថា ទីផ្សារថាមពលពិភពលោកនៅតែ “ស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា”។
បន្ទាប់ពីការប្រមូលផ្តុំ កាលពីថ្ងៃចន្ទលើការ កាត់បន្ថយទិន្នផលរបស់ OPEC+ តម្លៃប្រេងបានធ្លាក់ចុះកាលពីថ្ងៃអង្គារ ចំពេលមានការព្រួយបារម្ភ អំពីការធ្លាក់ចុះសេដ្ឋកិច្ច។ ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ៣,២ភាគរយ មកនៅត្រឹម ៩៦,២២ដុល្លារក្នុងមួយបារ៉ែល ហើយ West Texas Intermediate ធ្លាក់ចុះ ០,២ភាគរយ ដល់ ៨៦,៦៩ដុល្លារ ក្នុងមួយបារ៉ែល៕
ប្រែសម្រួល ឈូក បូរ៉ា