បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថារដ្ឋជាច្រើន នៅក្នុងតំបន់ភាគខាងត្បូង ប្រទេសអ៊ុយក្រែន បានទទួលរងនូវការខ្វះខាតអគ្គិសនី ប្រើប្រាស់ព្រមទាំងការ ដាច់អគ្គិសនីទាំងស្រុងផងដែរ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បាននិយាយថា ហេតុការណ៍នេះបានកើតឡើង ដោយសារតែការវាយប្រហារ ដោយរុស្សីផ្ទួនៗតាមរយៈ មីស៊ីលជាច្រើនគ្រាប់សំដៅ លើទីតាំងផលិតអគ្គិសនី របស់អ៊ុយក្រែន។
គួរឲ្យដឹងដែរថា ការដាច់អគ្គិសនីប្រើប្រាស់ បានកើតឡើងទាំងស្រុងនៅក្នុងរដ្ឋ Kharkov និង Donetsk ខណៈដែលតំបន់ផ្សេងទៀតដូចជា Sumy, Dnepropetrovsk, Poltava, Zaporozhye និង Odessa ជាដើមបានដាច់អគ្គិសនី នៅតាមផ្នែកមួយចំនួន។
ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះភាគីខាងរុស្សី បានបន្តរក្សាភាពស្ងប់ស្ងាត់ នៅឡើយចំពោះការចោទប្រកាន់ និងហេតុការណ៍នេះទាំង មិនអះអាងហើយក៏មិនបដិសេធផង ប៉ុន្តែអ៊ុយក្រែនអះអាងថារុស្សី
បានប្រើប្រាស់ការវាយប្រហារ ដោយមីស៊ីលចេញពីនាវាចម្បាំងរបស់ខ្លួន ដែលស្ថិតនៅក្នុងសមុទ្រ Black sea និង Caspian sea ៕
ប្រែសម្រួល៖ ស៊ុន លី
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									