ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចោទរុស្ស៊ីថា បានវាយប្រហារសងសឹក លើរោងចក្រថាមពល ក្រោយទាហានអ៊ុយក្រែន រំដោះបានទីក្រុង នៅភាគខាងកើត ជាបន្ដបន្ទាប់

គៀវ៖ អ៊ុយក្រែន បានចោទរុស្ស៊ី ថា បានវាយប្រហារ រោងចក្រ ថាមពល និងទឹកដើម្បី ជាការឆ្លើយតប នឹងការរំដោះ ទីក្រុងនានា របស់ទាហាន អ៊ុយក្រែន នៅ ភាគ ខាង កើត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

មន្ត្រី អ៊ុយក្រែន បានឲ្យដឹងថា ការវាយប្រហារលើស្ថានីយ ថាមពល កម្ដៅ ក្នុងទីក្រុង Kharkiv បានបណ្តាល ឲ្យដាច់ចរន្ត អគ្គិសនី យ៉ាងទូលំទូលាយ ខណៈកន្លែងផ្គត់ផ្គង់ទឹកក៏ ត្រូវបានវាយប្រហារផងដែរ។ ការវាយលុក ចុង សប្តាហ៍ បានបង្ខំឱ្យរុស្ស៊ី បោះបង់ បន្ទាយ សំខាន់ របស់ខ្លួននៅ ក្នុង តំបន់ Kharkiv។

ក្រុមអ្នកវិភាគបានឲ្យដឹងថា ការឈានទៅមុខយ៉ាងលឿនរបស់អ៊ុយក្រែន នៅជិតទីក្រុង Kharkov អាចនាំមកនូវហានិភ័យថ្មី។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសរសេរនៅលើបណ្ដាញ Twitter កាលពីយប់ថ្ងៃអាទិត្យថា “គ្មានកន្លែងវាយប្រហារលើគោលដៅយោធានោះទេ ការវាយប្រហារនេះ គឺដើម្បីផ្ដាច់មនុស្សកុំឱ្យមានភ្លើងប្រើប្រាស់”។

លោកស្រី Bridget Brink ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអ៊ុយក្រែន បានរិះគន់ការវាយប្រហារនេះ។ លោកស្រីបានសរសេរនៅលើបណ្ដាញ Twitter ថា “ការឆ្លើយតបជាក់ស្តែងរបស់រុស្ស៊ី ចំពោះអ៊ុយក្រែន ជុំវិញការរំដោះទីក្រុង និងភូមិនានានៅភាគខាងកើត គឺការវាយប្រហារដោយមីស៊ីល ដើម្បីប៉ុនប៉ងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដ៏សំខាន់”។

ជាមួយនឹងការចោទប្រកាន់នេះ រុស្ស៊ី បដិសេធ ថា កម្លាំង របស់ ខ្លួន បាន ជ្រើសរើស គោលដៅ ជនស៊ីវិល ដោយ ចេតនា។ លោក Zelenskyy បានពណ៌នាការវាយលុករបស់អ៊ុយក្រែននៅភាគឦសានថា ជារបកគំហើញដ៏មានសក្តានុពលនៅក្នុងសង្គ្រាមរយៈពេលប្រាំមួយខែ។ លោក បាន បន្ដថា ការទទួលបានទឹកដី កាន់តែច្រើន អាចនឹងត្រូវ បានធ្វើឡើង ក្នុងរដូវរងា ប្រសិនបើក្រុងគៀវ ទទួលបានអាវុធ ដ៏មានឥទ្ធិពល ជាងនេះ។

នៅក្នុងការបរាជ័យដ៏អាក្រក់បំផុត សម្រាប់កងកម្លាំងរបស់ទីក្រុងម៉ូស្គូ ចាប់តាំងពីពួកគេត្រូវបានបណ្តេញ ចេញពីជាយក្រុង នៃរដ្ឋធានីគៀវ ក្នុងខែមីនា ទាហានរុស្ស៊ីរាប់ពាន់នាក់បាន បន្សល់ទុកនូវគ្រាប់រំសេវ និងសម្ភារៈបរិក្ខារ ខណៈដែលពួកគេបានភៀសខ្លួន ចេញពីទីក្រុង Izium ដែលពួកគេបានប្រើ ជាមជ្ឈមណ្ឌលដឹកជញ្ជូន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top