ព័ត៌មានអន្តរជាតិ

អាមេរិក ព្រួយបារម្ភថារុស្ស៊ី អាចប្រើជម្លោះអាមេនី និង អាស៊ែបៃហ្សង់ ជាការរំខាននិងបង្វែរការចាប់អារម្មណ៍លើសង្គ្រាមនៅអ៊ុយក្រែន

ប្រែសម្រួល ឈូក បូរ៉ា វ៉ាស៊ីនតោន៖ ចំពេលដែលមានភាពច្របូកច្របល់សម្រាប់ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន មេដឹកនាំសហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភថា ប្រទេសរុស្ស៊ី អាចនឹងជំរុញឱ្យមានជម្លោះផ្សេងទៀត ដើម្បីបំបែរអារម្មណ៍ពីការបរាជ័យនាពេលថ្មីៗនេះ។

ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ រុស្ស៊ីបានទទួលរងនូវការបរាជ័យដ៏ធំបំផុតមួយ នៅក្នុងការលុកលុយដ៏អូសបន្លាយរបស់ខ្លួន នៅពេលដែលកងកម្លាំងអ៊ុយក្រែន បានធ្វើការវាយលុកដ៏ជោគជ័យ និងរំដោះតំបន់សំខាន់ៗមួយចំនួននៅភាគឦសាននៃទីក្រុង Kharkiv។

ការបរាជ័យនេះបានធ្វើឱ្យមានការសង្ស័យបន្ថែមទៀតលើសមត្ថភាពរបស់រុស្ស៊ី ក្នុងការទទួលបានជ័យជំនះក្នុងសង្គ្រាម ហើយបានជំរុញឱ្យមេដឹកនាំមួយចំនួនអំពាវនាវឱ្យប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ចុះចេញពីតំណែង។

កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានសម្តែងការព្រួយបារម្ភក្នុងអំឡុងព្រឹត្តិការណ៍សារព័ត៌មានមួយនៅសាកលវិទ្យាល័យ Purdue នៃរដ្ឋ Indiana ថា រុស្ស៊ីអាចនឹងមានឥទ្ធិពលលើជម្លោះនាពេលថ្មីៗនេះរវាងអាមេនី និងអាហ្សែបៃហ្សង់ ដើម្បី “បញ្ឆេះសក្តានុពល” និងបំបែរអារម្មណ៍ពីការបរាជ័យរបស់ខ្លួននៅអ៊ុយក្រែន។

លោក Blinken បានលើកឡើងថា “មិនថារុស្ស៊ីព្យាយាមក្នុងរបៀបណាមួយ ដើម្បីបញ្ឆេះសក្តានុពល ដើម្បីបង្កើតការរំខានពីអ៊ុយក្រែន គឺជាអ្វីដែលយើងតែងតែព្រួយបារម្ភ ប៉ុន្តែប្រសិនបើរុស្ស៊ីពិតជាអាចប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជាប្រយោជន៍ ពោល គឺធ្វើឱ្យទឹកស្ងប់ម្តងទៀត បញ្ចប់អំពើហិង្សា និងជំរុញប្រជាជនឱ្យចូលរួមដោយស្មោះត្រង់លើការកសាងសន្តិភាព នោះនឹងក្លាយជារឿងវិជ្ជមាន”។

លោក Blinken ក៏បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា កាលពីយប់មុនលោកបានទាក់ទងទៅមេដឹកនាំនៃប្រទេសអាមេនី និង អាស៊ែបៃហ្សង់ ហើយ “បានជំរុញឱ្យពួកគេធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីដកថយពីជម្លោះណាមួយ និងដើម្បីត្រលប់ទៅនិយាយអំពីការកសាងសន្តិភាពយូរអង្វែងរវាងប្រទេសរបស់ពួកគេ”។

នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan នៅព្រឹកថ្ងៃអង្គារម្សិលមិញនេះ បានលើកឡើងថា ទាហាន 4៤៩នាក់ នៃប្រទេសនេះត្រូវបានសម្លាប់ក្នុងសប្តាហ៍ចុងក្រោយនេះ ខណៈដែលការប្រយុទ្ធបានផ្ទុះឡើងនៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេស អាស៊ែបៃហ្សង់ ។

ប្រទេសទាំងពីរដែលមានទីតាំងនៅភាគខាងត្បូងនៃភាគខាងលិចនៃប្រទេសរុស្ស៊ី បានចូលរួមក្នុងជម្លោះព្រំដែនចាប់តាំងពីខែឧសភាឆ្នាំមុន ដែលបានកើតឡើងបន្ទាប់ពីមានសង្រ្គាមរយៈពេលខ្លីនៅចុងឆ្នាំ២០២០ លើតំបន់ដែលមានជម្លោះគឺ Nagorno-Karabakh ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៊ីបានអះអាងថា បានសម្របសម្រួលបទឈប់បាញ់នៅក្នុងជម្លោះនេះ កាលពីថ្ងៃអង្គារ ហើយបានអំពាវនាវឱ្យប្រទេសនីមួយៗជៀសវាងការកើនឡើងនៃជម្លោះបន្ថែមទៀត៕

To Top