ព័ត៌មានអន្តរជាតិ

ចិន លុបចោលជើងហោះហើរ និងរថភ្លើងជាច្រើន ខណៈព្យុះទីហ្វុង Muifa ជិតមកដល់

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ថាប្រទេសចិន បានបង្កើនការជូនដំណឹង អំពីព្យុះស៊ីក្លូនត្រូពិចខ្ពស់បំផុត របស់ខ្លួននៅថ្ងៃពុធនេះ នៅគ្រាដែលព្យុះទីហ្វុង Muifa បានខិតជិតតំបន់ដីសណ្ដទន្លេ Yangtze ដែលមានប្រជាជនរស់នៅ យ៉ាងក្រាស់ក្រែល ដោយទីក្រុងសៀងហៃ និងទីក្រុងផ្សេងទៀតបាន លុបចោលជើងហោះហើរ និងរថភ្លើង និងផ្អាកការងារនៅឯកំពង់ផែដ៏មមាញឹក ។

ជើងហោះហើរទាំងអស់នៅអាកាសយានដ្ឋាន Pudong និង Hongqiao នៃទីក្រុងសៀងហៃ ត្រូវបានលុបចោល ខណៈដែលទីក្រុង Hangzhou ទៅភាគនិរតីនៃទីក្រុងសៀងហៃ នឹងផ្អាកជើងហោះហើរក្នុងស្រុក ចាប់ពីពេលល្ងាចនេះ ។

ជើងហោះហើរនៅអាកាសយានដ្ឋាន Zhoushan និង Ningbo ក្នុងខេត្តឆ្នេរសមុទ្រ Zhejiang ក៏ត្រូវបានលុបចោលផងដែរ ខណៈដែលមជ្ឈមណ្ឌលដាក់នាវា ដែលចែករំលែកដោយទីក្រុងទាំង២ បានផ្អាកការបង្ហូរ និងផ្ទុកប្រេងជាបណ្ដោះអាសន្ន ហើយបានបញ្ជាឱ្យនាវាដឹកប្រេង បោះយុថ្កាផ្អាកដំណើរការ ។

សូមបញ្ជាក់ថា តំបន់ដីសណ្ដ Yangtze នៅភាគខាងកើតប្រទេសចិន គឺជាតំបន់ដែលមានវិបុលភាព បំផុតរបស់ប្រទេស ដោយមានទីក្រុងសៀងហៃ ជារដ្ឋធានីហិរញ្ញវត្ថុ និងពាណិជ្ជកម្មរបស់ប្រទេស និងទីក្រុងជិតខាងជាមជ្ឈមណ្ឌល ឧស្សាហកម្មសំខាន់ៗ ។ កំពង់ផែ Ningbo-Zhoushan និងកំពង់ផែនៃទីក្រុងសៀងហៃគឺ ស្ថិតក្នុងចំណោមច្រកដែល មមាញឹកបំផុតក្នុងពិភពលោក ដោយការដឹកជញ្ជូនទំនិញដែលគ្រប់គ្រង ។

ទីក្រុងស៊ាងហៃ នៅមុននេះ បានចេញការព្រមានមួយថា ខ្យល់បក់បោក និងភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេរំពឹងថា នឹងមកដល់ថ្ងៃព្រហស្បតិ៍ ។ ទីក្រុងដ៏ធំដែលមានប្រជាជន ២៥លាននាក់ បានចាត់វិធានការសុវត្ថិភាព មួយជំហានបន្ថែមទៀត ដោយប្រកាសផែនការកំណត់ល្បឿន សម្រាប់រថភ្លើងដែលរត់ឡើងលើដី ឬសូម្បីតែស្ថានីយ៍ក៏បិទ ហើយបានព្រមានអំពីការពន្យារពេល រថភ្លើងដើម្បីធានាសុវត្ថិភាព នៅក្នុងតំបន់ដែលរងផលប៉ះពាល់ ខណៈដែលរក្សាផ្នែកផ្សេងទៀត ឲ្យនៅដំណើរការ ។

ព្យុះ Muifa ត្រូវបានគេរំពឹងថា នឹងផ្លាស់ទីទៅភាគពាយព្យក្នុងល្បឿនពី ២០ទៅ២៥គីឡូម៉ែត្រក្នុង ១ម៉ោង ហើយនឹងធ្វើឱ្យគ្រោះបាក់ដី នៅតាមទីក្រុងឆ្នេរសមុទ្រក្នុងខេត្ត Zhejiang នៅល្ងាចថ្ងៃពុធ បន្ទាប់មកឆ្លងកាត់ឈូងសមុទ្រ Hangzhou ដើម្បីធ្វើការចុះចតជាលើកទី២ ក្នុងទីក្រុង Shanghai នេះបើយោងតាមអ្នកព្យាករណ៍ បានបញ្ជាក់ដូច្នេះ ។

ទស្សនាវដ្ដីហិរញ្ញវត្ថុចិន Caixin បានរាយការណ៍ថា ព្យុះទីហ្វុង Muifa គឺជាព្យុះទីហ្វុងខ្លាំងបំផុត នៅតំបន់ដីសណ្ដទន្លេ Yangtze ក្នុងរយៈពេល១ទសវត្សរ៍ ដែលក្រុមឧតុនិយមបានលើកឡើងថា បណ្តាលមកពីអាកាសធាតុ ក្តៅខុសពីធម្មតាក្នុងឆ្នាំនេះ និងសីតុណ្ហភាពខ្ពស់ នៅសមុទ្រចិនខាងកើត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top