ព័ត៌មានអន្តរជាតិ

ឥណ្ឌា សម្តែងការព្រួយបារម្ភ ពេលអាមេរិកផ្តល់ជំនួយយោធា ដល់ប៉ាគីស្ថាន

បរទេស៖ រដ្ឋមន្ត្រីការពារជាតិឥណ្ឌាលោក Rajnath Singh បាននិយាយថា លោកបានលើកឡើងពីការ ព្រួយបារម្ភអំពីកញ្ចប់ថែទាំថ្មីៗ របស់សហរដ្ឋអាមេរិក សម្រាប់យន្តហោះចម្បាំង F-16 របស់ប្រទេសប៉ាគីស្ថាន ក្នុងអំឡុងពេលដែលលោកសន្ទនា តាមទូរស័ព្ទជាមួយ រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin កាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Singh បាននិយាយថា លោកមានការហៅទូរស័ព្ទ ប្រកបដោយភាព “កក់ក្តៅ និងផលិតភាព” ជាមួយលោក Austin ក្នុងអំឡុងពេលនោះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពី ផលប្រយោជន៍យុទ្ធសាស្ត្ររួម និងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ។
លោកបានបន្ថែមថា លោកបានបង្ហាញការព្រួយបារម្ភ របស់ឥណ្ឌាចំពោះការសម្រេចចិត្ត របស់សហរដ្ឋអាមេរិកថ្មីៗនេះ ក្នុងការផ្តល់កញ្ចប់ទ្រទ្រង់ សម្រាប់កងយន្តហោះ F-16 របស់ប៉ាគីស្ថាន។

ចំណែកអ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោក Ned Price បានប្រកាសកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកនឹងលក់កញ្ចប់ “សេវាថែទាំ និងទ្រទ្រង់” ចំនួន 450 លានដុល្លារដល់ទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីពន្យារអាយុជីវិត របស់យន្តហោះចម្បាំង F-16 ដែលផលិតដោយអាមេរិកប្រហែល 85 គ្រឿងរបស់កងទ័ពអាកាសប៉ាគីស្ថាន។ យន្តហោះទាំងនេះត្រូវបានបញ្ជូន ទៅកាន់ប្រទេសប៉ាគីស្ថាន ក្នុងផ្នែកជាច្រើនដែលចាប់ផ្តើមនៅក្នុងឆ្នាំ 1983 ។

លោក Price បាននិយាយថា ការលក់នេះនឹង “ទ្រទ្រង់សមត្ថភាពរបស់ប្រទេសប៉ាគីស្ថាន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង ប្រឆាំងភេរវកម្មនាពេលបច្ចុប្បន្ន និងអនាគត”។ ទោះបីជាយ៉ាងណាក៏ដោយ ប៉ាគីស្ថានត្រូវបានចោទប្រកាន់ ជាយូរមកហើយថា បានជួយសម្រួលដល់អំពើភេរវកម្ម ហើយរដ្ឋបាល Trump ក្នុងឆ្នាំ 2018 បានផ្អាកកញ្ចប់ជំនួយយោធា ជាច្រើនដល់ទីក្រុង Islamabad សរុបជិត 2 ពាន់លានដុល្លារ ជុំវិញការបរាជ័យដែលត្រូវបាន ចោទប្រកាន់របស់រដ្ឋាភិបាលប៉ាគីស្ថាន ក្នុងការទប់ស្កាត់ក្រុមតាលីបង់អាហ្វហ្គានីស្ថាន និងក្រុមភេរវករបណ្តាញ Haqqani ៕

ប្រែសម្រួលៈ ណៃ តុលា

To Top