បរទេស ៖ ក្រុមហ៊ុនប្រេងដ៏ធំរបស់រុស្ស៊ីឈ្មោះ Rosneft បានបង្កើនប្រាក់ចំណេញសុទ្ធរបស់ខ្លួនចំនួន ១៣ភាគរយ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២នេះ ទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិចក៏ដោយ។ ប្រាក់ចំណូលសុទ្ធរបស់ក្រុមហ៊ុនបានកើនឡើងដល់ ៤៣២លានរូប្ល (៧,២២ ពាន់លានដុល្លារ) ខណៈពេលដែលបំណុលបានថយចុះ១២ភាគរយ បើប្រៀបធៀបទៅនឹងដើមឆ្នាំ ដែលពង្រឹង “ភាពធន់ផ្នែកហិរញ្ញវត្ថុ” របស់ក្រុមហ៊ុន, នេះ បើ តាម ការ លើក ឡើង របស់ ប្រធាន ផ្នែក ប្រេង ក្នុង សេចក្តីថ្លែងការណ៍ មួយ ក្នុង សប្តាហ៍ នេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុន Rosneft ដូចក្រុមហ៊ុនរុស្ស៊ី ផ្សេងទៀតដែរ គឺត្រូវ រង ផលប៉ះពាល់ ដោយទណ្ឌកម្ម លោកខាងលិច ។ យោងតាមក្រុមហ៊ុនប្រេង ការគ្រប់គ្រងដ៏តឹងតែង បានជួយឱ្យខ្លួនដោះស្រាយ ជាមួយនឹងការកើនឡើង យ៉ាងខ្លាំងនៃថ្លៃដឹកជញ្ជូន ការដឹកជញ្ជូនតាមផ្លូវដែក និងថ្លៃអគ្គិសនី ដែលមានចំនួន ៣០ភាគរយ នៃការចំណាយសរុប។
យោងតាមលោក Igor Sechin នាយកប្រតិបត្តិ របស់ក្រុមហ៊ុន Rosneft ក្នុងអំឡុងពេលពាក់កណ្តាលដំបូង នៃឆ្នាំនេះក្រុមហ៊ុន “ស្ថិតនៅក្រោមសម្ពាធ ដែលមិនធ្លាប់មានពីមុនមក នៃកត្តាខាងក្រៅមិនល្អ និងការដាក់ទណ្ឌកម្មខុសច្បាប់។ទោះជាយ៉ាងណាក៏ដោយ ដោយសារប្រសិទ្ធភាពប្រតិបត្តិការខ្ពស់ និងការសម្រេចចិត្តគ្រប់គ្រងសមស្រប យើងអាចធានាបាននូវការបន្តអាជីវកម្ម និងបង្ហាញលទ្ធផល ប្រកបដោយស្ថិរភាព។
Rosneft បានដំណើរការប្រេង ៤៥,៨ លានតោន រហូតដល់ខែមិថុនាជាមួយនឹង ការលក់កើនឡើង ៥,៧ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ហេតុផលមួយគឺការកើនឡើង នៃតម្រូវការពីប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេមួយចំនួន របស់ពិភពលោក ដែលបានជួយរុស្ស៊ីក្នុង ការនាំចេញប្រេងឆៅស្ទើរតែច្រើនដូច ដែលខ្លួនបានធ្វើមុនពេលមាន ជម្លោះនៅអ៊ុយក្រែន ៕
ប្រែសម្រួលៈ ណៃ តុលា