ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ថា អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ ហៅកាត់ថា (NDMA) បានឲ្យដឹងថា ចំនួនអ្នកស្លាប់សរុប នៅក្នុងប្រទេសប៉ាគីស្ថាន ដោយសារភ្លៀងមូសុងរដូវនេះ និងគ្រោះទឹកជំនន់ចាប់តាំងពី ពាក់កណ្តាលខែមិថុនា បានកើនឡើងដល់ប្រហែល ១.៥៤៥នាក់ រួមជាមួយគ្នានេះដែរអ្នករងរបួសចំនួន ១២.៨៦០នាក់ ។
យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយអាជ្ញាធរ NDMA កាលពីល្ងាចថ្ងៃសៅរ៍ គឺមានកុមារចំនួន ៥៥២នាក់ និងស្ត្រី ៣១៥នាក់ ស្ថិតក្នុងចំណោមអ្នកដែលបាន បាត់បង់ជីវិតរបស់ពួកគេ នៅក្នុងភ្លៀងធ្លាក់ដាច់ដោយឡែកពីគ្នា ឬគ្រោះថ្នាក់ទាក់ទងនឹង ទឹកជំនន់នៅក្នុងប្រទេស ។
នៅខេត្ត Sindh ភាគខាងត្បូងរបស់ប្រទេស គឺជាតំបន់ដែលរងគ្រោះខ្លាំងជាងគេ ដែលមានមនុស្សស្លាប់ចំនួន ៦៧៨នាក់ បន្ទាប់មកគឺខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យ និងខេត្ត Balochistan ភាគនិរតីដែលបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ៣០៦នាក់ និង២៩៩នាក់ ។
លើសពីនេះទៅទៀត ផ្ទះចំនួន ១.៩៤៣.៩៧៨នាក់ត្រូវបានបំផ្លាញ និងសត្វពាហនៈចំនួន ៩៤៣.៩០៩ក្បាល បានបាត់បង់ជីវិតនៅក្នុងផ្នែកផ្សេងៗ នៃប្រទេសប៉ាគីស្ថាន ។
របាយការណ៍បានឲ្យដឹងទៀតថា ផ្លូវប្រវែង ១២.៧៣៥គីឡូម៉ែត្រ និងស្ពានចំនួន៣៧៥ ត្រូវបានខូចខាតពេញមួយរដូវកាល។
ជាងនេះទៅទៀត ស្រុកចំនួន៨១ និងប្រជាជនប៉ាន់ស្មានចំនួន ៣៣.០៤៦.៣២៩នាក់ ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់ នេះបើយោងតាមស្ថិតិដែលចេញផ្សាយដោយ NDMA ។
ប្រតិបត្តិការជួយសង្គ្រោះ និងសង្គ្រោះដោយ NDMA អង្គការរដ្ឋាភិបាលផ្សេងទៀត អ្នកស្ម័គ្រចិត្ត និងអង្គការមិនមែនរដ្ឋាភិបាល កំពុងដំណើរការនៅក្នុង តំបន់រងគ្រោះដោយទឹកជំនន់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា