ព័ត៌មានអន្តរជាតិ

បទអត្ថាធិប្បាយ៖ ទំនាក់ទំនងសន្ទនា ចិន-អាស៊ាន ផ្តល់ផលប្រយោជន៍ ដ៏មហាសាល

ឆ្នាំ២០២២នេះ គឺជាខួបលើកទី៣១ នៃការបង្កើតទំនាក់ទំនងសន្ទនា រវាងចិននិងអាស៊ាន ក៏ស្របពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ថាតើរយៈពេល៣១ឆ្នាំនេះ អាស៊ានទាំងមូល ក៏ដូចជា កម្ពុជាទទួលបានអត្ថប្រយោជន៍ធំៗអ្វីខ្លះ ពីការបង្កើតទំនាក់ទំនងសន្ទនានេះ?

ថ្លែងប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានសង្កេតឃើញថា រយៈជាង៣១ឆ្នាំមកនេះ ទំនាក់ទំនងអាស៊ាន-ចិនគឺមានការវិវឌ្ឍជាវិជ្ជមានជាខ្លាំង ផ្តល់ផលប្រយោជន៍ ដ៏មហាសាល សម្រាប់ទាំងភាគីអាស៊ាននិងចិន ហើយបានរួមចំណែកយ៉ាងសំខាន់ ក្នុងសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍ នៅក្នុងតំបន់។ លោកបណ្ឌិតវាយតម្លៃខ្ពស់ថា ទំនាក់ទំនងទ្វេភាគី រវាងសមាជិកអាស៊ាននីមួយៗនិង ប្រទេសចិនគឺ សុទ្ធតែមានការវិវឌ្ឍជាវិជ្ជមានគួរឲ្យកត់សម្គាល់ដែរ ព្រោះ តាមរយៈទំនាក់ទំនងល្អរវាងអាស៊ាននិងចិននេះហើយ ដែលឃើញមានការវិនិយោគរបស់ចិនកាន់តែច្រើន បានចួលមកតំបន់អាស៊ាន ។

សម្លេង៖ «យើងដឹងហើយថា អាស៊ានគឺជាដៃគូពាណិជ្ជកម្ម ដ៏មានសារៈសំខាន់របស់ចិន រីឯចិន ក៏ជាដៃគូពាណិជ្ជកម្មដ៏មានសារៈសំខាន់របស់អាស៊ានផងដែរ ដែលយើងឃើញថា តួលេខជញ្ចឹងពាណិជ្ជកម្មរវាងអាស៊ាននិងចិនគឺមានទំហំធំមែនទែន ហើយប្រទេសដែលជាសមាជិកអាស៊ាននីមួយៗគឺសុទ្ធតែបានទទួលនូវផលប្រយោជន៍យ៉ាងធំធេង ពីទំនាក់ទំនងល្អ រវាងអាស៊ាននិងចិន»។

បើតាមរបាយការណ៍ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាននិងចិនបន្តកើនឡើងយ៉ាងឆាប់រហ័ស ក្នុងនោះ ចាប់ពីខែមករាដល់ខែកក្កដាឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មរវាងចិននិងអាស៊ានបានឡើងដល់ ៥៤៤.៩ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង១៣,១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន។

ផលប្រយោជន៍ដ៏សំខាន់មួយទៀត ដែលលោកបណ្ឌិត គិន ភា មើលឃើញដែរនោះ គឺភ្ញៀវទេសចរចិន ក្នុងនោះ បើនិយាយពីមុនពេលកើតមានជំងឺរាតត្បាតកូវីដ១៩ ប្រទេសដែលជាសមាជិកអាស៊ានទាំងអស់សុទ្ធតែបានទទួលនូវភ្ញៀវទេសចរចិន រាប់លាននាក់ ដែលជាចំណែកយ៉ាងសំខាន់ ក្នុងកំណើនសេដ្ឋកិច្ចជាតិរបស់ប្រទេសទាំងនោះ។

សម្រាប់ប្រទេសកម្ពុជា ដែលជាសមាជិករបស់អាស៊ាន គឺរឹតតែទទួលបានអត្ថប្រយោជន៍យ៉ាងធំធេង ពីការបង្កើតទំនាក់ទំនងសន្ទនានេះ ក្នុងនោះ ប្រទេសផ្តល់វិនិយោគធំលំដាប់ទីមួយរបស់កម្ពុជា គឺប្រទេសចិន ដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ក៏ជាចិន រីឯអ្នកផ្តល់ជំនួយធំជាងគេរបស់កម្ពុជា ក៏ជាចិន។ ក្រៅពីនេះ កម្ពុជាទទួលបានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ក៏ដូចជា ការវិនិយោគលើវិស័យអចលនទ្រព្យ ដែលអាចឃើញនូវការរីកចម្រើន រីកដុលដាលនូវអគារសំណង់ធំៗជាច្រើន នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជា បណ្តាខេត្តមានសក្តានុពលសម្រាប់ការអភិវឌ្ឍ។

សម្លេង៖ « កាលដែលប្រទេសទាំងឡាយនៅអាស៊ានមានទំនាក់ទំនងល្អជាមួយចិន គឺផ្តល់ផលប្រយោជន៍រួមគ្នា ដូចនេះ អាស៊ានគប្បីបន្តរក្សាទំនាក់ទំនងល្អជាចិន ជាទំនាក់ទំនងវិជ្ជមាន មានការគោរពនូវអធិបតេយ្យភាព និងឯករាជ្យភាពគ្នា ទៅវិញទៅមក»។
មានប្រសាសន៍ ក្នុងពិធីបើកសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី១៩ ឆ្នាំ២០២២ ថ្មីៗនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលតែងតែផ្ដល់អាទិភាពខ្ពស់ដល់ការគាំទ្រកិច្ចអភិវឌ្ឍ និងការរីកចម្រើនរបស់អាស៊ាន ។ ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ សម្តេចតេជោបានបញ្ជាក់ថា «កម្ពុជានឹងខិតខំបន្តពង្រឹងកិច្ចសហការអាស៊ានជាមួយសាធារណរដ្ឋប្រជាមានិតចិន ឱ្យកាន់តែប្រសើរឡើង ដើម្បីធានានូវចីរភាព បរិយាប័ន្ន និងភាពធន់នៃកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្នុងតំបន់ទាំងពីរ»។

សម្តេច ហ៊ុន សែន បញ្ជាក់ថា ឈរលើមូលដ្ឋាននៃភាពជោគជ័យនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ទម្រង់ ១.០ និងទម្រង់ ២.០ កន្លងមក កម្ពុជាសូមគាំទ្រដល់គំនិតផ្ដួចផ្ដើមស្ដីពីការលើកកម្ពស់កិច្ចព្រមព្រៀងនេះ ទៅជាទម្រង់ថ្មី ៣.០ និងយល់ថា ត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមលើការពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និង ចិន ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត ដោយផ្តោតលើការកាត់បន្ថយរបាំងពាណិជ្ជកម្មទំនិញសេវាកម្ម និងវិនិយោគនានា ព្រមទាំងជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល កំណើនបៃតង និងការបង្កើនសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs)។

ពិព័រណ៍ចិន-អាស៊ាន លើកទី ១៩ ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាពថ្មីដែលទទួលបានពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)ដើម្បីស្ថាបនាតំបន់ពាណិជ្ជកម្មសេរី ចិន-អាស៊ាន ទម្រង់ ៣.០» ត្រូវបានសម្តេចតេជោ ហ៊ុន សែន បង្ហាញការជឿជាក់ថា ការចាប់ផ្តើមអនុវត្តអាសិបក្នុងឆ្នាំ២០២២នេះ នឹងនាំមកនូវកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគជាច្រើន សម្រាប់ប្រទេសក្នុងតំបន់៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top