ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់ អំពាវនាវឱ្យមានការ ធានាកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ការបិទការស៊ើបអង្កេតរបស់ IAEA

តេអេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ ត្រូវការការធានា ឡើងវិញ ក៏ដូចជាការបិទការស៊ើប អង្កេតដែលកំពុងបន្ត នៅក្នុងសាធារណរដ្ឋអ៊ីស្លាម ដោយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) មុនពេលកិច្ចព្រមព្រៀង នុយក្លេអ៊ែរ អាចត្រូវបានសម្រេច។

យោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Raisi បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំជាមួយសមភាគី បារាំងលោក Emmanuel Macron នៅខាងក្រៅមហាសន្និបាត អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។

លោកបានលើកឡើងថា អ៊ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឈានដល់កិច្ចព្រមព្រៀង នុយក្លេអ៊ែរ “យុត្តិធម៌ និងស្ថិរភាព” ប៉ុន្តែដោយពិចារណា លើការដកខ្លួនជាឯកតោភាគី របស់សហរដ្ឋអាមេរិក ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ការទាមទាររបស់អ៊ីរ៉ង់ឱ្យ “ទទួលបានការធានាឡើងវិញ គឺសមហេតុផលទាំងស្រុង” ។

ប្រធានាធិបតីអ៊ីរ៉ង់ ក៏បានពណ៌នាការស៊ើបអង្កេតរបស់ IAEA ថាជា “ឧបសគ្គយ៉ាងធ្ងន់ធ្ងរក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ” ដោយកត់សម្គាល់ថា “យើងជឿជាក់ថា ប្រសិនបើគ្មានការបិទករណី របស់អ៊ីរ៉ង់ទេ វាមិនអាចទៅរួចទេ ក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ” ។

ចំពោះទំនាក់ទំនងអ៊ីរ៉ង់-អឺរ៉ុប លោក Raisi បានលើកឡើងថា ការធ្វើឱ្យប្រសើរឡើង នៃទំនាក់ទំនងរបស់អ៊ីរ៉ង់ជាមួយអឺរ៉ុប គឺអាស្រ័យលើឯករាជ្យភាព នៃប្រទេសនានានៃទ្វីបអឺរ៉ុប ពីឆន្ទៈ និងគំនិតរបស់សហរដ្ឋអាមេរិក ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top