ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ពិព័រណ៍ចិន-អាស៊ាន បាននិងកំពុងផ្តល់ កាលានុវត្តភាពថ្មី សម្រាប់ការកសាង សេដ្ឋកិច្ចក្នុងតំបន់ បែបបើកទូលាយ

កាលពីថ្ងៃទី ១៩ ខែកញ្ញា ពិព័រណ៍ចិន-អាស៊ាន និងកិច្ចប្រជុំកំពូលផ្នែកវិនិយោគ និងធុរកិច្ចចិន-អាស៊ានលើកទី ១៩ បានបិទ បញ្ចប់នៅទីក្រុង Nanning ភូមិភាគស្វយ័ត ជនជាតិ Zhuang Guangxi ប្រទេសចិន ។ ក្នុងរយៈពេល ៤ ថ្ងៃ មានសហគ្រាស ចំនួន ១៦៥៣ ដែលមកពីប្រទេសចំនួន ៤០ បានចូល រួមពិព័រណ៍ នៅកន្លែងផ្ទាល់ និងមានសហគ្រាសជាង ២០០០ បានចូលរួមពិព័រណ៍ តាមរបៀប អនឡាញ បានចុះហត្ថលេខា លើគម្រោង សហប្រតិបត្តិការ ចំនួន ២៦៧ ទំហំវិនិយោគ សរុបឡើងដល់ ៤១,៣ ប៊ីលានយាន់ប្រាក់ចិន ដែលបានបំបែកកំណត់ត្រាបំផុត ក្នុងប្រវត្តិសាស្ត្រ ។ ទិន្នន័យដ៏លេចធ្លោទាំងនេះ ជាសក្សីនៃសមិទ្ធផល គួរឱ្យកត់សម្គាល់ នៃពិព័រណ៍ចិន-អាស៊ានលើកនេះ ។

នាពេលបច្ចុប្បន្ននេះ កំណើនសេដ្ឋកិច្ច ពិភពលោកមានកម្លាំងទន់ខ្សោយ ហើយអនាគតមានភាព ស្រអាប់ទៅៗ ។ ពេលថ្មីៗកន្លងទៅនេះ គ្រឹះស្ថាន មួយចំនួន ដូចជាធនាគារ ពិភពលោកនិងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ជាដើមបាននាំគ្នា បញ្ចុះការប៉ាន់ ប្រមាណ ចំពោះកំណើនសេដ្ឋកិច្ចសកល ឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ។ ក្នុងបរិបទ បែបនេះ ពិព័រណ៍ចិន-អាស៊ាន បានផ្តល់កាលានុវត្តភាពថ្មី សម្រាប់ការជំរុញការ ងើបឡើងវិញ ជានិរន្តរភាពបន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ ១៩ និងការកសាងសេដ្ឋកិច្ច ក្នុងតំបន់បែបបើកទូលាយ ដោយឥរិយាបថបើកចំហយ៉ាងច្បាស់លាស់ ។

ឆ្នាំនេះ ពិព័រណ៍ចិន-អាស៊ាន បានបង្កើតជាលើកដំបូង នូវសាលពិព័រណ៍ដ៏ល្អផូរផង់ នៃអាស៊ាន និងកិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុង តំបន់(ហៅកាត់ RCEP )។ នេះបានឆ្លុះបញ្ចាំង ពីប្រធានបទនៃ ពិព័រណ៍លើកនេះ គឺ “ចែករំលែកកាលានុវត្តភាពថ្មី នៃកិច្ចព្រមព្រៀង RCEP ជំរុញតំបន់ពាណិជ្ជកម្ម សេរីចិន-អាស៊ាន 3.0 “។

សូមបញ្ជាក់ថា ឆ្នាំ ២០២២ ជាឆ្នាំចាប់ផ្តើម នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងចិន និងអាស៊ាន ហើយក៏ជាឆ្នាំលើកទីមួយ នៃការដែលកិច្ចព្រមព្រៀង RCEP បានចូលជាធរមាន និងចាប់ផ្តើមអនុវត្តជាផ្លូវការផងដែរ ។ លើសពីនេះទៅទៀត កិច្ចកសាងតំបន់ពាណិជ្ជកម្ម សេរីចិន-អាស៊ាន 3.0 ជិតនឹងចាប់ដំណើរការ ។ នេះគឺមានន័យថា កិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ាននឹងឡើង ដល់កម្រិតថ្មីថែមទៀត ។

ទិន្នន័យបានបញ្ជាក់ពីប្រការនេះ ។ ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបរវាងចិន និងអាស៊ានបានឡើងដល់ ៤,០៩ ទ្រីលានប្រាក់យាន់ចិន ដែលកើនឡើង ១៤ ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នា នៃឆ្នាំ ២០២១ គឺត្រូវជា ១៥ ភាគរយនៃទំហំសរុប នៃពាណិជ្ជកម្មជាមួយបរទេស របស់ប្រទេសចិន ។ គិតមកទល់ចុង ខែកក្កដា ឆ្នាំនេះ ទំហំវិនិយោគទៅវិញទៅមករវាងចិននិងអាស៊ាន គឺ លើសពី ៣ សែន ៤ ម៉ឺនលានដុល្លារអាមេរិក ដែលបានក្លាយជាដៃគូសហប្រតិបត្តិការ ដ៏រស់រវើកបំផុត ផ្នែកវិនិយោគទៅវិញទៅមក ។

ទន្ទឹមនឹងកិច្ចព្រមព្រៀង RCEP បានចូលជាធរមាន និងចាប់ផ្តើមអនុវត្តជាផ្លូវការ វាបានជំរុញយ៉ាងខ្លាំង ដល់ភាពកាន់តែស៊ីជម្រៅ នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសចិន និងប្រទេសអាស៊ាន ការអនុវត្តគោលនយោបាយ អនុគ្រោះជាច្រើនដូចជា ការកាត់បន្ថយនិងលុបចោលពន្ធគយ ការលើកកម្ពស់ប្រសិទ្ធភាព នៃការឆ្លងគយជាដើមធ្វើឱ្យការប្រាស្រ័យ ទាក់ទងលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងចិននិងអាស៊ានមានភាព កាន់តែសិ្អតល្មួត ។ លើសពីនេះទៅទៀត ទន្ទឹមនឹងរដ្ឋសមាជិក នៃកិច្ចព្រមព្រៀង RCEP ដូចជា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងនូវែលសេឡង់ ជាដើមបានចូលរួម វាក៏បានពង្រីក”ក្រុមមិត្តភកិ្ត”លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងអាស៊ានផងដែរ ។

អ្នកផងជាច្រើន សុទ្ធតែបាន កត់សម្គាល់ឃើញ នូវការពិពណ៌នាចំពោះ”តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន 3.0 “ក្នុងប្រធានបទ នៃពិព័រណ៍ចិន-អាស៊ាន លើកនេះ ។ លោក Xu Ningning ប្រធានក្រុមប្រឹក្សាប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ច ចិន-អាស៊ានបានលើកឡើងថា “ល្គឹតណាដែលតំបន់ពាណិជ្ជកម្ម សេរីចិន-អាស៊ាន 3.0 បានចាប់ដំណើរការជាផ្លូវការ ថែមទាំងកិច្ចព្រមព្រៀង RCEP បាននាំមកនូវផលប្រយោជន៍ជាក់ស្តែង ល្គឹតនោះ មិនថា ការកាត់បន្ថយនិងលុបចោល ពន្ធគយ ឬក៏កិច្ចសម្រួលពាណិជ្ជកម្មក្តី វាសុទ្ធតែនឹងឡើង ដល់កម្រិតថ្មីថែមទៀត” ។ នេះជាមូលហេតុដែលបណ្តាល ឱ្យពាណិជ្ជករចូលរួមពិព័រណ៍ ចិន-អាស៊ាននាំគ្នាថ្លែងថា “ពួកយើងនឹងចូលរួមម្ដងទៀត នៅឆ្នាំក្រោយ” ៕

To Top