ព័ត៌មានអន្តរជាតិ

សន្តិភាពជាអាយុជីវិត នៃមនុស្សជាតិ និងជាសរសៃឈាម នៃពិភពលោក

បច្ចុប្បន្ន និម្មាបនកម្មពិភពលោក បាននិងកំពុងប្រឈមនឹង បម្រែបម្រួលពុំធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រជិត ១ សតវត្សរ៍ ។ វិបត្តិជំងឺកូវីដ-១៩ នៅតែកំពុងបន្តបង្កផលប៉ះពាល់ ចំពោះសកលលោក សង្គ្រាមបានផ្ទុះឡើងនៅប្រទេសមួយចំនួន កត្តាអសន្តិសុខប្រពៃណី និងមិនប្រពៃណី បាននិងកំពុងកើនឡើង អាស្រ័យហេតុនេះ សហគមន៍អន្តរជាតិត្រូវការជាបន្ទាន់ នូវយន្តការដែលអាចជួយតម្រង់ទិស សម្រាប់នាវាពិភពលោកមិនឱ្យ វង្វេងផ្លូវក្នុងមហាសាគរដ៏ធំល្វឹងល្វើយ ។

យើងតែងតែឮពាក្យថា «បើគ្មានសន្តិភាពគឺគ្មានអ្វីៗគ្រប់យ៉ាង» ។ ជាការពិតណាស់ ហេតុផលនេះអ្នកណាក៏ដឹងដែរ តែមហិច្ឆតារបស់មនុស្សដែល លោភលន់ចំពោះអំណាច វារមែងតែងធ្វើឱ្យមូលដ្ឋានគ្រឹះ នៃសន្តិភាពត្រូវប្រឈមនឹង ឥទ្ធិពលអវិជ្ជមាន ។ ពិភពលលោកបច្ចុប្បន្ន បានឈានចូលដំណាក់កាល នៃការប្រកួតប្រជែងរវាងពហុភាគីនិយម និងឯកតោភាគីនិយម រវាងពហុប៉ូលនិយម និងអនុត្តរភាពនិយម ហើយក្នុងនោះសំឡេងគាំទ្រ ចំពោះពហុភាគីនិយមបាននិងកំពុង មានប្រៀបជាបណ្តើរៗ ។
ដូចយើងទាំងអស់គ្នា បានដឹងស្រាប់ហើយថា មិនថាទំនាក់ទំនងទ្វេភាគីឬពហុភាគី ការប្រាស្រ័យទាក់ទង និងផ្លាស់ប្តូរគ្នាត្រូវឈរ លើភាពស្មោះត្រង់ គោរពគ្នា និងសមភាព នេះជាគំនិតឯកភាពរួម របស់សហគមន៍អន្តរជាតិ ក៏ប៉ុន្តែនៅតែមានប្រទេសមួយចំនួន ដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយប្រកាន់យកទស្សនៈ «អញជាធំ» ក្នុងទំនាក់ទំនងអន្តរជាតិ ។ ប៉ុន្តែអ្វីដែលគួររំលឹកគឺ តាំងពីដើមរៀងមក អនុត្តរភាពនិយមតែងបានរុញច្រាន ឱ្យស្ថានការណ៍ធ្លាក់ទៅក្នុង ភាពផុយស្រួយឬជាប់គាំង ។

មិនថាកាលពីអតីតកាល ឬបច្ចុប្បន្នកាលនោះទេ សង្គ្រាមរមែងនាំមកនូវ តែភាពវិនាសហិនហោច និងភាពឈឺចាប់ខ្លាចផ្សារ ចំពោះមនុស្សជាតិ ។ សង្គ្រាមលោកទាំងពីរលើកបានបន្សល់ទុក នូវសោកនាដកម្មដែលមិនអាចប៉ះប៉ូវបាន ក្រុមងាយរងគ្រោះដូចជាស្ត្រី កុមារនិងមនុស្សចាស់ជរា ត្រូវក្លាយជាចំណីសង្គ្រាម អាយុជីវិតមនុស្សផុយស្រួយ ជាងសត្វស្រមោចទៅទៀត ។

បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី ២ មនុស្សជាតិត្រូវការជាបន្ទាន់ ចំពោះពិភពលោកមួយដែលមានសន្តិភាព អាស្រ័យហេតុនេះ អង្គការសហប្រជាជាតិត្រូវបាន បង្កើតឡើងដើម្បីជាមគ្គុទេ្ទសក៍ ដឹកនាំកិច្ចការអន្តរជាតិ និងដើរតួនាទីគាំពារសន្តិសុខ និងសន្តិភាពពិភពលោក ។ មនុស្សជាតិភាគច្រើនដាច់ខាត មិនចង់ឱ្យកើតមានសង្គ្រាមឡើយ ព្រោះភាពនិរាសព្រាត់ប្រាស និងភាពទុរ្ភិក្សដែលបណ្តាលមកពី ភ្លើងសង្គ្រាមបាននាំឱ្យមនុស្ស ជាច្រើនជំនាន់រងទុក្ខវេទនា ។

ការរក្សារបៀបរៀបរយ និងសណ្តាប់ធ្នាប់ពិភពលោកមិនមែន ស្ថិតនៅលើដៃរបស់ប្រទេសណា ឬបុគ្គលណាមួយនោះទេ តែត្រូវមានការចូលរួមពី គ្រប់ប្រទេសនិងតំបន់ទាំងអស់ ។ ពាក្យចាស់ពោលថា «ចង្កឹះមួយបាច់កាច់មិនបាក់» បើចង់រស់នៅក្រោមដំបូលសន្តិភាព អ្វីដែលគួរធ្វើគឺការរួមសាមគ្គីគ្នា ធ្វើកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងការខ្វែងគំនិតដោយសន្តិវិធី តែមិនមែនអាងកម្លាំងបាយ ទៅគាបសង្កត់ឱ្យអ្នកដទៃ ធ្វើតាមគំនិតរបស់ខ្លួននោះឡើយ ។

ក្នុងន័យនេះ មិនថាស្ថិតក្នុងកាលៈទេសៈណា មិនថាថ្លែងសារទៅកាន់ពិភពលោក ឬទៅកាន់ប្រជាជនចិនក្តី ប្រមុខរដ្ឋចិនតែងលើកឡើងថា ប្រទេសចិនប្រកាន់ខ្ជាប់ ការអភិវឌ្ឍដោយសន្តិភាព ។ ជាការពិតណាស់ សង្គ្រាមរ៉ាំរ៉ៃក្នុងប្រទេសចិន កាលពីអតីតកាលដែលកើតឡើង ដោយសារការឃ្លានពានពី បរទេសនិងទំនាស់ផ្ទៃក្នុង បានបង្អាក់និងរុញទម្លាក់ដំណើរ អភិវឌ្ឍន៍របស់ប្រទេសចិន ឬអាចនិយាយបានថា ប្រទេសចិនត្រូវកសាង ប្រទេសជាតិឡើងវិញពីបាតដៃទទេ ។

សមិទ្ធផលរបស់ប្រទេសចិន ដូចបច្ចុប្បន្នគឺបានដោយសារ ការបូជាញើសឈាម សឹងតែអាយុជីវិតរបស់មនុស្សជំនាន់មុន និងកិច្ចខិតខំប្រឹងប្រែង របស់មនុស្សជំនាន់នេះ ហេតុនេះ ប្រទេសចិនមិនត្រឹមតែថែរក្សា និងឱ្យតម្លៃយ៉ាងខ្លាំងចំពោះស្ថិរភាព និងសន្តិភាពក្នុងប្រទេសខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានខិតខំរួមចំណែក របស់ខ្លួនក្នុងការគាំពារស្ថិរភាព និងសន្តិភាពពិភពលោកផងដែរ ក្នុងនោះ ក្រៅពីការជួយប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានការអភិវឌ្ឍតិចតួច ឱ្យស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិ ការចាត់បញ្ជូនកងកម្លាំង រក្សាសន្តិភាពអង្គការ សហប្រជាជាតិច្រើនបំផុត គឺជាផ្នែកមួយនៃការរួមចំណែក ដ៏សំខាន់របស់ប្រទេសចិន ក្នុងការថែរក្សាសន្តិភាពពិភពលោក ។

អ្វីដែលគួររំលឹកផងដែរ ក្នុងឆ្នាំ ២០២១ និងឆ្នាំ ២០២២ នេះ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើង គំនិតផ្តួចផ្តើមពីរជាបន្តបន្ទាប់ ពោលគឺគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលជាការរួមចំណែកជាតម្រិះប្រាជ្ញា និងកម្លាំងចិនសម្រាប់ការជំរុញការ អភិវឌ្ឍនិងការគាំពារសន្តិសុខ នៃពិភពលោក ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញពាក្យ «អរគុណសន្តិភាព» ដើម្បីរំលេចពីសារៈសំខាន់ លើសលប់នៃសន្តិភាព ចំពោះមនុស្សយើងគ្រប់រូប ។ កម្ពុជាជាប្រទេសដែលធ្លាប់រងគ្រោះ ដោយសារភ្លើងសង្គ្រាម អាស្រ័យហេតុនេះ ប្រជាជនគ្រប់រូបមិនចង់ឃើញ ប្រទេសជាតិធ្លាក់ក្នុង ជ្រោះមរណាជាដាច់ខាត ព្រោះមានសន្តិភាព ទើបយើងអាចនិយាយពីរឿងអភិវឌ្ឍន៍ និងភាពសុខសាន្តនៃសង្គម ។

ពាក្យចាស់ពោលថា ការបំផ្លិចបំផ្លាញជារឿងងាយស្រួលបំផុត តែការកសាងជារឿងលំបាកណាស់ ។ ភាពខ្ទេចខ្ទាំដែលបណ្តាលមកពីសង្គ្រាម មិនមែនកសាងឡើងដោយងាយៗនោះទេ ជួនកាលការបំផ្លិចបំផ្លាញតែមួយនាទី ត្រូវការការកសាងឡើងវិញរាប់ឆ្នាំ ឬសឹងតែរាប់សិបឆ្នាំ ។ សន្តិភាពជាអាយុជីវិតនៃមនុស្សជាតិ និងជាសរសៃឈាមនៃពិភពលោក ប្រសិនជាគ្មានសន្តិភាព អ្វីៗគ្រប់យ៉ាងគឺស្មើនឹងសូន្យ ៕

អត្ថបទដោយ៖ តាំង ស៊ីឡេង, បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top