កីឡា

សម្ដេចតេជោ ៖ ការប្រកួតបាល់ទាត់មនុស្សធម៌ បានបង្ហាញសមិទ្ធផល សន្តិភាព ស្ថេរភាពនយោបាយនិងការអភិវឌ្ឍ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ បានលើកឡើងថា ការប្រកួតបាល់ទាត់មនុស្សធម៌ បានបង្ហាញនូវសមិទ្ធផល សន្តិភាព ស្ថេរភាពនយោបាយនិងការអភិវឌ្ឍ ពិសេសបង្ហាញនូវស្មារតីសាមគ្គីភាព ក្នុងចំណោមជនរួមជាតិ។

ក្រោយបញ្ចប់ការប្រកួតបាល់ទាត់មនុស្សធម៌ នាល្ងាចថ្ងៃ១ ឧសភា សម្តេចបានលើកឡើងក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា «បាល់ទាត់ល្ងាចនេះបង្ហាញនូវសមិទ្ធផលសន្តិភាព ស្ថេរភាពនយោបាយនិងការអភិវឌ្ឍ ពិសេសបង្ហាញនូវស្មារតីសាមគ្គីភាព ក្នុងចំណោមជនរួមជាតិយើង»។

ក្នុងឱកាសនោះ សម្ដេចតេជោបានអរគុណក្រុមបាល់ទាត់ទាំង៤ក្រុមចូលរួមប្រកួត សិល្បករ សិល្បការិនី អ្នករៀបចំបំរើការងារទាំងអស់ពិសេស សាលារាជធានីភ្នំពេញនិងកងកម្លាំងប្រដាប់ គ្រប់ប្រភេទ និងអ្នកគាំទ្រទាំងនៅពហុកីឡដ្ឋាន ទាំងមើលការផ្សាយផ្ទាល់។ បន្ថែមលើសពីនេះ អរគុណសប្បុរសជនទាំងអស់ដែលបានចូលរួមជាថវិកាដែលគិតត្រឹមថ្ងៃ១ ឧសភា មានប្រាក់រៀល ៦០៥,០០០,០០០រៀល ជាដុល្លារ ៤,៨៥០,០០០ដុល្លារ។ សរុបគិតជាប្រាក់ដុល្លារចំនួន៥,០០១,២៥០ដុល្លារ។

សម្ដេចបានរំលឹកផងដែរថា ថវិកាទាំងនេះក៏ត្រូវបានបែងចែកសម្រាប់មន្ទីរពេទ្យកុមារអង្គរ៥០០,០០០ដុល្លារ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន៣០០,០០០ដុល្លារ គ្រួសារយុទ្ធជនពលី២០គ្រួសារ២០០,០០០ដុល្លារសរុប១,០០០,០០០ដុល្លារ។ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផានឹងទទួលបាន៤,០០១,២៥០ដុល្លារជាបណ្តោះអាសន្ន ហើយប្រសិនទទួលបានបន្ថែមទៀត ក៏នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ដែរ។

សម្ដេចគូសបញ្ជាក់ថា «លទ្ធផលចុងក្រោយរបស់យើងគឺជីវិត សុខភាពនិងស្នាមញញឹមរបស់កុមារ»៕

To Top