លោក Enzo Maresca ប្តេជ្ញាស្រោចស្រង់ Phil Foden ឱ្យក្លាយជាកីឡាករឆ្នើមបំផុត របស់អង់គ្លេសសាជាថ្មី
បរទេស ៖ អ្នកចាត់ការទូទៅក្លឹប Manchester City លោក Enzo Maresca បានបើកចំហអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយខ្សែប្រយុទ្ធ Phil Foden ឱ្យស្តារទម្រង់លេងលំដាប់ពិភពលោកឡើងវិញ បន្ទាប់ពីកីឡាកររូបនេះ បានឆ្លងកាត់ដំណាក់កាលដ៏លំបាកនៅកីឡដ្ឋាន Etihad។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បានចាត់ទុកថា វាជាកាតព្វកិច្ចផ្ទាល់ខ្លួន ក្នុងការនាំយកកីឡាករវ័យ ២៦ ឆ្នាំរូបនេះ វិលត្រឡប់ទៅកាន់ចំណុចកំពូល នៃអាជីពបាល់ទាត់ និងក្លាយជាកីឡាករដ៏ឆ្នើមបំផុត របស់អង់គ្លេសសារជាថ្មីនេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។
Foden កំពុងបង្ហាញការវិវឌ្ឍយ៉ាងលឿនក្នុងជួរក្រុមមេឃខៀវ Manchester City បន្ទាប់ពីរូបគេបានបញ្ចប់ការជាប់ពិន័យព្យួរជើងក្នុងស្រុកកន្លងទៅ។ ខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះ រកបានរហូតដល់ ៤ គ្រាប់ក្នុងការបង្ហាញខ្លួន ២ ប្រកួតចុងក្រោយ ដោយក្នុងនោះរួមមានការស៊ុតបញ្ចូលទីបាន ៣ គ្រាប់ម្នាក់ឯង (Hat-trick) ក្នុងការប្រកួតពាក់កណ្តាលសប្តាហ៍ទល់នឹងក្រុម AEK Athens។
ការផ្ទុះទម្រង់លេងយ៉ាងគំហុកនេះ បានធ្វើឱ្យមានការជជែកដេញដោលជាថ្មី អំពីលទ្ធភាពនៃការកោះហៅរូបគេចូលរួមក្រុមជម្រើសជាតិអង់គ្លេសឡើងវិញ បន្ទាប់ពី Foden ធ្លាប់ត្រូវបានកាត់ឈ្មោះចេញពីបញ្ជីក្រុមតោកំណាចក្នុងព្រឹត្តិការណ៍ World Cup កន្លងមក។ ចាប់តាំងពីចូលកាន់តំណែងដឹកនាំនៅកីឡដ្ឋាន Etihad កាលពីរដូវក្តៅកន្លងទៅ លោក Maresca បានកំណត់យកការស្តារសមត្ថភាព និងផ្លូវចិត្តរបស់ Foden ជាអាទិភាពចម្បងបំផុត។ អ្នកចាត់ការទូទៅរូបនេះបានជួបជជែកផ្ទាល់ជាមួយកីឡាករតាំងពីដំបូង ដើម្បីកសាងទំនុកចិត្ត និងបញ្ជាក់ពីតម្លៃដ៏សំខាន់របស់គេនៅក្នុងក្រុម។
លោក Maresca បានរៀបរាប់ពីការសន្ទនានោះថា «ចាប់តាំងពីយើងចាប់ផ្តើមការងារមក ខ្ញុំបានអង្គុយជជែកជាមួយ Phil ពីរទៅបីដង ជាពិសេសនៅដំណាក់កាលដំបូង ដើម្បីបង្ហាញឱ្យគេឃើញ—ខ្ញុំមិនដឹងថាតើពាក្យ “ក្តីស្រលាញ់” ជាពាក្យត្រឹមត្រូវឬអត់នោះទេ ប៉ុន្តែគឺដើម្បីបង្ហាញឱ្យគេដឹងថា គេមានសារៈសំខាន់ខ្លាំងកម្រិតណាសម្រាប់ក្រុម»។
លោក Maresca បានបន្ថែមទៀតថា ទំនាក់ទំនងពីអតីតកាលបានជួយឱ្យលោកយល់ច្បាស់ពីសក្តានុពលរបស់ខ្សែប្រយុទ្ធរូបនេះ៖«ខ្ញុំស្គាល់ Phil តាំងពីច្រើនឆ្នាំមុន ដូច្នេះខ្ញុំដឹងច្បាស់ថាគេពូកែកម្រិតណា។ ដោយសារហេតុផលផ្សេងៗ ប៉ុន្មានឆ្នាំចុងក្រោយនេះ គេមិនសូវបង្ហាញទម្រង់លេងបានល្អគ្រប់គ្រាន់នោះទេ ប៉ុន្តែនៅពេលអ្នកមានកីឡាករដូចជា Phil ក្នុងក្រុម ក្រុមរបស់អ្នកនឹងកាន់តែខ្លាំង ព្រោះវាជាបញ្ហានៃការអភិវឌ្ឍកីឡាករ។ សម្រាប់ខ្ញុំ វាជាកាតព្វកិច្ចក្នុងការជួយគេឱ្យក្លាយជាកីឡាករឆ្នើមបំផុតម្នាក់នៅអង់គ្លេសម្តងទៀត»៕
ប្រែសម្រួល៖ គីរី
