តូក្យូ៖ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេស ឧស្សាហកម្មទាំងប្រាំពីរ G-7 កាលពីថ្ងៃពុធបានអះអាងឡើងវិញ នូវកិច្ចសហប្រតិបត្តិការរបស់ពួកគេ ក្នុងការគាំទ្រអ៊ុយក្រែន នៅពេលប្រទេសមួយនេះ កំបុងប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី។
ក្នុងជំនួបជាមួយសមភាគី G-7 របស់លោកនៅទីក្រុងញូវយ៉ក នៅខាងក្រៅសម័យប្រជុំប្រចាំឆ្នាំ របស់មហាសន្និបាត អង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi ក៏បានពិភាក្សាជាមួយពួកគេផងដែរ អំពីការពង្រឹងតួនាទីរបស់ អង្គការសហប្រជាជាតិ និងកិច្ចការតំបន់ ដូចជាបញ្ហាទាក់ទងនឹងប្រទេសចិន និងប្រទេសឥណ្ឌូ-ប៉ាស៊ីហ្វិក។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយឈានចូល ដល់រយៈពេលជាង ២០០ថ្ងៃហើយ ដោយគ្មានអ្នកជំនាញណាមួយមើលធ្លុះ ពីការបញ្ចប់សង្គ្រាមមួយនេះទេ ហើយក៏មិនដឹងថាភាគីណាមួយ ទទួលបានជ័យជំនះដែរ។
ប្រទេសរុស្ស៊ី បានបើកប្រតិបត្ដិការយោធាពិសេស នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ និងអូសបន្លាយមកដល់បច្ចុប្បន្ន ទាំងរុស្ស៊ី និងអ៊ុយក្រែន សុទ្ធតែត្រូវខាតបង់ទាហាន និងសម្ភារៈយោធាយ៉ាងសន្ធឹកសន្ធាប់ ៕
ប្រែសម្រួល ឈូក បូរ៉ា