ព័ត៌មានអន្តរជាតិ

ជប៉ុន និងអង់គ្លេស ឈានដល់កិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងសមភាគីអង់គ្លេសលោកស្រី Liz Truss បានយល់ព្រមចុះហត្ថលេខា លើកិច្ចព្រមព្រៀង សហប្រតិបត្តិការការពារជាតិទ្វេភាគី នៅដើមកាលបរិច្ឆេទ និងបង្កើនការពិភាក្សាលើសំណើរ ដើម្បីរួមគ្នាអភិវឌ្ឍយន្តហោះចម្បាំង នេះបើយោងតាមរដ្ឋាភិបាល របស់ប្រទេសជប៉ុន។

ក្នុងអំឡុងពេលកិច្ចប្រជុំលើកដំបូងរបស់ពួកគេ ចាប់តាំងពីលោកស្រី Truss ចូលកាន់តំណែងកាលពីដើមខែនេះ មេដឹកនាំទាំងពីរក៏បានចែករំលែក “ការព្រួយបារម្ភ” យ៉ាងធ្ងន់ធ្ងរអំពីការប៉ុនប៉ង ដើម្បីផ្លាស់ប្តូរស្ថានភាពជាឯកតោភាគី ដោយកម្លាំងនៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង ខណៈដែលសកម្មភាពដែនសមុទ្ររបស់ចិន កើនឡើងនៅទីនោះ។  

មេដឹកនាំ​ទាំង​ពីរ​បាន​ជួប​ប្រជុំ​គ្នា​នៅ​អំឡុងពេល នៃ​សម័យ​ប្រជុំ​ពិភាក្សា​ទូទៅ ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ នៅ​ទីក្រុង​ញូវយ៉ក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

យោង​តាម​ក្រសួង​បាន​ឲ្យ​ដឹង​ថា ដោយ​យោង​ទៅ​លើ​គោល​នយោបាយ “លំអៀង​ទៅ​តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក” ដែល​ចក្រភព​អង់គ្លេស​បាន​ដាក់​ចេញ​កាល​ពី​ឆ្នាំ​មុន លោក Kishida បាន​សម្តែង​ក្តី​សង្ឃឹម​ថា ទីក្រុង​តូក្យូ និង​ទីក្រុង​ឡុងដ៍ អាច​សហការ​គ្នា​កាន់​តែ​ជិត​ស្និទ្ធ​ជាង​ពេល​ណាៗ​ទាំងអស់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​សាកល​។

នៅក្នុងកិច្ចប្រជុំមួយកាលពីខែឧសភា លោក Kishida បានឈានដល់កិច្ចព្រមព្រៀង ជាមូលដ្ឋានមួយជាមួយអ្នកកាន់តំណែងមុនរបស់លោកស្រី Truss លោក Boris Johnson ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ការពារជាតិទ្វេភាគី រួមទាំងការអនុញ្ញាតឱ្យកងកម្លាំងស្វ័យការពារជប៉ុន និងយោធាអង់គ្លេស ចូលរួមក្នុងការហ្វឹកហ្វឺនរួមគ្នា និងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះមហន្តរាយ។

លោក Kishida និងលោក Johnson ក៏បានឲ្យដឹងផងដែរថា ប្រទេសទាំងពីរ នឹងព្យាយាមឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពី “រូបភាពទាំងមូល” សម្រាប់កិច្ចសហការនាពេលអនាគត ក្នុងការអភិវឌ្ឍន៍យន្តហោះចម្បាំង ដែលបានស្នើឡើងនៅចុងឆ្នាំនេះ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top