ព័ត៌មានអន្តរជាតិ

សាធារណរដ្ឋ Donbass តំបន់ Zaporozhye និង Kherson ចាប់ផ្តើមបោះឆ្នោតប្រជាមតិ ដើម្បីចូលរួមរស់ ជាមួយប្រទេសរុស្ស៊ី

បរទេស៖ ប្រជាមតិដើម្បីក្លាយជាទឹកដីរុស្ស៊ីជាផ្លូវការ បានចាប់ផ្តើមនៅក្នុងសាធារណរដ្ឋ Donbass នៃ Donetsk និង Lugansk និងផ្នែកដែលគ្រប់គ្រងដោយរុស្ស៊ី នៅភាគខាងត្បូងអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ការបោះឆ្នោតប្រជាមតិ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ។ លទ្ធផលបឋមត្រូវបានគេរំពឹងថា នឹងចេញផ្សាយនៅថ្ងៃពុធ។

សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk (DPR និង LPR) បានផ្តាច់ខ្លួនចេញពីអ៊ុយក្រែនភ្លាមៗ បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០១៤ នៅទីក្រុងគៀវ។ សាធារណរដ្ឋទាំងពីរ និយាយភាសារុស្សីផ្តាច់មុខ ហើយមានព្រំដែនជាមួយរុស្ស៊ី។ ទីក្រុងម៉ូស្គូបានទទួលស្គាល់ពួកគេថាជារដ្ឋឯករាជ្យនៅក្នុងខែកុម្ភៈ។

បច្ចុប្បន្នរុស្ស៊ីគ្រប់គ្រងតំបន់ Kherson របស់អ៊ុយក្រែន ក៏ដូចជាផ្នែកមួយចំនួនធំនៃតំបន់ Zaporozhye ដែលត្រូវបានរឹបអូសបន្ទាប់ពីទីក្រុងមូស្គូបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងប្រទេសជិតខាងកាលពីថ្ងៃទី២៤ ខែកុម្ភៈ។

ទីក្រុងគៀវ ដែលចាត់ទុកតំបន់ទាំងនេះ ស្ថិតនៅក្រោមការកាន់កាប់របស់រុស្ស៊ី ដោយខុសច្បាប់បាននិយាយថា ខ្លួននឹងមិនទទួលស្គាល់ការបោះឆ្នោតនេះនោះទេ។ សហភាពអឺរ៉ុប បានហៅការបោះឆ្នោតប្រជាមតិថា ជាការបោកប្រាស់រួចហើយ៕

To Top