ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ចិន និងអាស៊ាន នឹងរួមគ្នាចែករំលែក កាលានុវត្តភាពថ្មី របស់កិច្ចព្រមព្រៀង RCEP

ឆ្នាំនេះ ជាឆ្នាំចាប់ផ្តើមនៃទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងអាស៊ាន ហើយក៏ជាឆ្នាំទីមួយ នៃការចូលជាធរមាន និងចាប់ផ្តើមអនុវត្តជាផ្លូវការ នៃកិច្ចព្រមព្រៀង RCEP ផងដែរ ។ កាលពីមុន ចិននិងបណ្តាប្រទេសនានារបស់អាស៊ាន បានធ្វើកិច្ចសហប្រតិបតិ្តការជាក់ស្តែងយ៉ាងទូលំទូលាយ ជាបន្តបណ្តាប់ ហើយទទួលបានសមិទ្ធផលជាផ្លែផ្កា ដែលគួរឱ្យកត់សម្គាល់លើវិស័យកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការប្រាស្រ័យទាក់ទង រវាងបុគ្គលិកជាដើម ។

តាមស្ថិតិរបស់ភាគីចិន បានឱ្យដឹងថា ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងចិននិងអាស៊ាន បានកើនពី១០៥៩០០លានដុល្លារអាមេរិក ឡើងដល់៨៧៨២០០លានដុល្លារអាមេរិក ប្រទេសចិន ក្លាយជាដៃគូពាណិជ្ជកម្ម ធំជាងគេរបស់អាស៊ាន ក្នុងរយៈពេល១៣ឆ្នាំជាប់ៗគ្នា ហើយក្នុងនាមជាដៃគូពាណិជ្ជកម្ម ធំជាងគេរបស់ចិន តួនាទីរបស់អាស៊ានក៏ត្រូវបានពង្រឹងថែមមួយកម្រិតទៀតផងដែរ ។

បើក្រឡេកទៅមើលពីស្ថានការណ៍ ពិភពលោកនាឆ្នាំ២០២១ អាចឃើញថា ការរីករាលដាល នៃជំងឺកូវីដ១៩ បានកើតមានជាបន្តបន្ទាប់ ផលប៉ះពាល់របស់ជំងឺឆ្លង បានរាតត្បាតឥតឈប់ឈរ បានជាខ្សែសង្វាក់ឧស្សាហកម្ម នៃប្រទេសនានាបានរងការវាយប្រហារយ៉ាងខ្លាំង ការងើបឡើងវិញរបស់សេដ្ឋកិច្ចសកល ក៏ជួបការរាំងស្ទះផងដែរ ។ ព្រមពេលជាមួយគ្នានេះ គំនិតស្តីពីយុទ្ធសាស្ត្រភូមិសាស្ត្រ និងសង្គ្រាមត្រជាក់កបាននិងកំពុងបំផ្លាញ ដល់និន្នាការទូទៅ នៃកិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅលើពិភពលោក និងរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសកល ។ ក្នុងបរិបទបែបនេះ កិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ ហៅកាត់ RCEP បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដែលបានគ្របដណ្តប់ចំនួនប្រជាជន ប្រហែល២២៧០លាននាក់ GDP ក្នុងតំបន់ប្រហែល ត្រូវជា៣៣ភាគរយនៃGDPសរុបនៅលើពិភពលោក រីឯបរិមាណនាំចេញ ត្រូវជា៣០ភាគរយនៃបរិមាណសរុបនៃទូទាំងពិភពលោក ។

ក្នុងនាមជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានគ្របដណ្តប់ ចំនួនប្រជាជនច្រើនជាងគេ មានរចនាសម្ព័ន្ធរដ្ឋសមាជិកដ៏សម្បូរបែបជាងគេ មានទំហំសេដ្ឋកិច្ច និងពាណិជ្ជកម្មធំជាងគេ និងមានសក្តានុពលខ្លាំងជាងគេ ការចូលជាធរមាន របស់កិច្ចព្រមព្រៀង RCEP បានបង្កើតកាលានុវត្តភាពថ្មី សម្រាប់ធ្វើឱ្យកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ទទួលបានការអភិវឌ្ឍកាន់តែស៊ីជម្រៅ ។ ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិនបានបង្ហាញថា ពីខែមករា ដល់ខែកក្កដាឆ្នាំនេះ ទំហំពាណិជ្ជកម្ម រវាងចិននិងអាស៊ាន បានឡើងដល់ ៥៤៤៩០០លានដុល្លារអាមេរិក ដែលបានកើនជាង១៣,១ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន គិតមកទល់ចុងខែកក្កដាឆ្នាំនេះ ទំហំវិនិយោគទាំងសងខាងបានលើស ពី៣៤០០០០លានដុល្លារអាមេរិក ។

តាមការប៉ាន់ប្រមាណរបស់ធនាគារ គំនិតអន្តរជាតិឱ្យដឹងថា ដល់ឆ្នាំ២០៣០ កិច្ចព្រមព្រៀង RCEP មានសង្ឃឹមធ្វើឱ្យរដ្ឋសមាជិកបន្ថែមប្រាក់ចំណូល លើវិស័យការនាំចេញចំនួន៥១៩០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ និងធ្វើឱ្យប្រជាជនបន្ថែមប្រាក់ចំណូល ១៨៦០០០លានដុល្លារអាមេរិក ។

ទាក់ទិននឹងរឿងនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា ការចាប់ផ្តើមអនុវត្ត កិច្ចព្រមព្រៀងRCEP ក្នុងឆ្នាំនេះ មិនត្រឹមតែនឹងនាំមកនូវ កាលានុវត្តភាពខាងពាណិជ្ជកម្ម និងវិនិយោគកាន់តែច្រើន ដល់ប្រទេសក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងក៏នឹងជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល កំណើនបៃតង និងកិច្ចកសាងសមត្ថភាព នៃសហគ្រាសធុនតូចនិងមធ្យមទៀតផង ជាពិសេសនឹងក្លាយជា “ក្របខណ្ឌស្នូល” ក្នុងការស្ថាបនា តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ទម្រង់៣.០ នាពេលខាងមុខ” ។

សម្តេច ហ៊ុនសែនបានថ្លែងថា ក្នុងនាមជាប្រធានផ្លាស់វេនអាស៊ានឆ្នាំ២០២២ កម្ពុជា នឹងបន្តខិតខំប្រឹងប្រែងផ្តោតការយកចិត្តទុកដាក់បន្ថែម លើការពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងអាស៊ាននិងចិន ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត ។

និយាយចំពោះកិច្ចសហប្រតិបតិ្តការ នៅពេលអនាគត ប្រទេសចិនបានលើកឡើង នូវសំណើបួនចំណុច ពោលគឺបង្កើតគំរូក្នុងការអភិវឌ្ឍរួម បង្កើតគំរូនៃការតភ្ជាប់គ្នា បង្កើនកិច្ចសហប្រតិបត្តិការ អភិបាលកិច្ចសកល និងរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាបក្នុងតំពន់ ដែលបានផ្តោតសំខាន់ លើការបង្កើនការតភ្ជាប់គ្នាខាងយុទ្ធសាស្ត្រ អភិវឌ្ឍន៍រវាងភាគីទាំងពីរ ចាប់ដៃគ្នាជំរុញកិច្ចកសាងរួមនៃ “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ អនុវត្តកិច្ចព្រមព្រៀងRCEPប្រកបដោយគុណភាពខ្ពស់ និងពន្លឿនការធ្វើកិច្ចចរចាបន្ទាប់បន្សំ ស្តីពីតំបន់ពាណិជ្ជកម្មសេរី រវាងចិននិងអាស៊ានជាដើម ។

បច្ចុប្បន្ននេះ កិច្ចសហប្រតិបតិ្តការ រវាងចិននិងអាស៊ានមាននិន្នាការកំណើនយ៉ាងខ្លាំង។ លោក Michael Tene  អគ្គលេខាធិការរង នៃសមាគមអាស៊ាន បានទទួលស្គាល់យ៉ាងពេញលេញនូវសមិទ្ធផល ជាផ្លែផ្ការបស់កិច្ចសហប្រតិបតិ្តការរវាងចិននិងអាស៊ាន ព្រមទាំងពោរពេញ ទៅដោយក្តីសង្ឃឹមចំពោះអនាគត នៃកិច្ចសហប្រតិបតិ្តការផងដែរ ។

លោកបានថ្លែងថា ផលប្រយោជន៍រួមរបស់ចិន និងអាស៊ាន មានទំនាក់ទំនងកាន់តែជិតស្និទ្ធ ។ កិច្ចព្រមព្រៀង RCEP នឹងជំរុញឱ្យតំបន់យើងកាន់តែមានវិបុលភាព ក្នុងនោះមិនត្រឹមតែបូករួមទាំងប្រទេសអាស៊ាន និងចិនប៉ុណ្ណោះទេ ថែមទាំងក៏បូករួមទាំងប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀង RCEPទាំងអស់ផងដែរ ។

ការអនុវត្តកិច្ចព្រមព្រៀង RCEP នឹងនាំមកនូវកាលានុវត្តភាពថ្មីដល់កិច្ចសហប្រតិបតិ្តការ រវាងចិននិងអាស៊ាន ឈរនៅទីចាប់ផ្តើមថ្មី ផ្លូវនៃកិច្ចសហប្រតិបតិ្តការរវាងចិន និងអាស៊ាននឹងមានភាពកាន់តែទូលំទូលាយ ព្រមនឹងបំផុសសក្តានុពលអភិវឌ្ឍន៍កាន់តែខ្លាំង ដើម្បីសម្រេចបាន នូវការផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះដ៏ពិតប្រាកដ ៕

To Top