ព័ត៌មានអន្តរជាតិ

អាមេរិក ងាកមកពង្រឹងទំនាក់ទំនង ជាមួយនឹងឥណ្ឌា ក្នុងពេលតានតឹង ជាមួយចិន

បរទេស៖ កាលពីថ្ងៃចន្ទកន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសអាមេរិកលោក Lloyd Austin បានបើកកិច្ចប្រជុំទ្វេភាគីមួយ ជាមួយនឹងរដ្ឋមន្ត្រីការបរទេសឥណ្ឌា Subrahmanyam Jaishanka នៅឯមន្ទីរប៉ង់តាហ្គោន ក្នុងគោលបំណងសំខាន់ ស្វែងរកឱកាសរឹតចំណងមិត្តភាព ឲ្យកាន់តែស៊ីជម្រៅរវាងគ្នា។

សេចក្តីថ្លែងការណ៍របស់ប៉ង់តាហ្គោន បានបញ្ជាក់ថា៖ មន្ត្រីទាំងសងខាង បានគូសបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការធ្វើការរួមគ្នាជាដៃគូដ៏ខ្ជាប់ខ្ជួន ដើម្បីជំរុញចក្ខុវិស័យរួមគ្នា របស់សហរដ្ឋអាមេរិក និងឥណ្ឌា សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូល ដោយសេរី និងបើកចំហ ។

ក្នុងនោះវ៉ាស៊ិនតោន បានមើលឃើញថា បញ្ហាប្រឈមតែមួយគត់ សម្រាប់គោលបំណងរវាងប្រទេសទាំងពីរ គឺជាប្រទេសចិន ដែលមានដូចជាបញ្ហា ដែលកំពុងកើតមាននៅតំបន់ជម្លោះ នៃសមុទ្រចិនខាងត្បូង និងក៏ដូចជាបញ្ហានៅកោះតៃវ៉ាន់ជាដើម។

លើសពីនោះភាគីខាងអាមេរិក ក៏បានលើកឡើងអំពីបញ្ហា ដែលរដ្ឋាភិបាលក្រុងប៉េកាំង នៅតែបន្តគាំទ្ររដ្ឋាភិបាលទីក្រុងមូស្គូផងដែរ ទោះបីជាមានការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ ពីសំណាក់ពិភពលោក និងជាពិសេសសម្ព័ន្ធមិត្តរបស់អាមេរិក និងបណ្តាប្រទេសលោកខាងលិចក្តី៕ ប្រែសម្រួល៖ស៊ុនលី

To Top