ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន ព្រមានមិនធ្វើការចរចាណាមួយឡើង ដរាបណាលោក ពូទីន នៅតែជាប្រធានាធិបតីរុស្ស៊ី

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានព្រមានថា រុស្ស៊ីទើបតែបញ្ចប់ “ការធ្វើប្រជាមតិក្លែងក្លាយ” និងការប៉ុនប៉ងបញ្ចូលទឹកដីដោយបដិសេធការចរចាណាមួយជាមួយទីក្រុងម៉ូស្គូ ដរាបណាលោក វ្ល៉ាឌីមៀ ពូទីន នៅតែជាប្រធានាធិបតី។

លោក ហ្សេឡិនស្គី បានអំពាវនាវឱ្យមាន “ភាពឯកោពេញលេញ” របស់រុស្ស៊ី និងការដាក់ទណ្ឌកម្មជាសកលថ្មីដ៏តឹងតែង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។

ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តាមខ្សែវីដេអូ បើទោះបីជាមានការជំទាស់ពីរុស្ស៊ីក៏ដោយ លោក ហ្សេឡិនា្គីបានស្នើសុំជំនួយផ្នែកយោធា និងហិរញ្ញវត្ថុបន្ថែមទៀត ដើម្បីការពារអ៊ុយក្រែន “ដូច្នេះអ្នកឈ្លានពានរុស្ស៊ីនឹងចាញ់សង្គ្រាមនេះ”។

លោក ហ្សេឡិនស្គី ក៏បានស្វែងរក “ការធានាច្បាស់លាស់ និងស្របច្បាប់នៃសន្តិសុខសមូហភាព” សម្រាប់ប្រទេសរបស់លោក ដើម្បីឆ្លើយតបទៅនឹងការដណ្តើមកាន់កាប់ចុងក្រោយរបស់រុស្ស៊ី សម្រាប់ទឹកដីអ៊ុយក្រែន។

ការបោះឆ្នោតប្រជាមតិ ដែលត្រូវបានថ្កោលទោសដោយទីក្រុងគៀវ និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនថា ជាការក្លែងបន្លំ បានធ្វើឡើងនៅក្នុងខេត្ត Luhansk និង Kherson ដែលគ្រប់គ្រងដោយរុស្ស៊ី និងនៅក្នុងតំបន់កាន់កាប់នៃតំបន់ Donetsk និង Zaporizhzhia ។

គួរបញ្ជាក់ថា វាត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាលេសសម្រាប់ការប្រកាសថា រុស្ស៊ីកំពុងបញ្ចូលទឹកដីដូច ដែលខ្លួនបានធ្វើជាមួយ ឱបទ្វីបគ្រីមៀកាលពីឆ្នាំ២០១៤៕

ប្រែសម្រួល ឈូក បូរ៉ា

To Top