បរទេស៖ យោងតាមការបញ្ជាក់របស់ មន្ត្រីជាន់ខ្ពស់របស់ធនាគាររដ្ឋ របស់ប្រទេសតួគីកាលពីថ្ងៃពុធម្សិលមិញ ប្រាប់ទៅកាន់កាសែត The Bloomberg បានឲ្យដឹងថាដោយសារតែ ការគម្រាមកំហែងកាន់តែខ្លាំង ពីសំណាក់ទណ្ឌកម្មរបស់អាមេរិក ទីបំផុតវាបានធ្វើឲ្យធនាគាររដ្ឋរបស់តួកគី បានបង្ខំចិត្តបិទប្រតិបត្តិការទូទាត់ ជាមួយនឹងប្រព័ន្ធទូទាត់លុយរុស្សី Mir ហើយ។
ធនាគាររដ្ឋរបស់រដ្ឋតួគីចំនួន៣ ប៉ុន្តែមានតែមួយប៉ុណ្ណោះ ដែលកំពុងដំណើរការទូទាត់ ជាមួយនឹងប្រព័ន្ធទូទាត់របស់រុស្សី ដែលមានឈ្មោះថា Mir ហើយក៏កំពុងត្រៀមខ្លួន ក្នុងការចាកចេញពី ប្រទេសរុស្សីផងដែរ បើតាមការបញ្ជាក់របស់ប្រភពដដែល។
គួរឲ្យដឹងដែរថា កាលពីដើមខែកន្លងមក រតនាគារជាតិរបស់អាមេរិក បានប្រកាសហើយថា បានត្រៀមខ្លួនក្នុងការរៀបចំបន្ថែម ទណ្ឌកម្មទៀតទៅលើបណ្តាវិទ្យាស្ថាន និងក្រុមហ៊ុនទាំងឡាយណាដែល មានការពាក់ព័ន្ធនិងទូទាត់ ជាមួយនឹងប្រព័ន្ធទូទាត់ លុយរបស់រុស្សី។
កាលពីសប្តាហ៍មុន ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan ដែលជាតួអង្គដ៏សំខាន់ នៅក្នុងកិច្ចចរចាសន្តិភាពជាមួយ នឹងរុស្សីនោះបានប្រកាសថា លោកនឹងបើកជំនួបស្តីពី សេដ្ឋកិច្ចមួយជាមួយនឹង បណ្តាមន្ត្រីកំពូលៗដើម្បីធ្វើការ សម្រេចចិត្តទៅលើប្រព័ន្ធ ទូទាត់លុយរបស់រុស្សី Mir ក្នុងគ្រាដែលទណ្ឌកម្មសេដ្ឋកិច្ច កំពុងតែបន្តបែបនេះ៕
ប្រែសម្រួល៖ ស៊ុន លី