ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យអាមេរិក គោរពការប្តេជ្ញាចិត្តរបស់ខ្លួន ដោយស្មោះត្រង់ ចំពោះគោលការណ៍ចិនតែមួយ

" "

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃពុធ បានជំរុញឱ្យសហរដ្ឋអាមេរិក គោរពការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះគោលការណ៍ចិនតែមួយ តាមរបៀបសាមញ្ញ និងស្មោះត្រង់។

អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលផ្តល់យោបល់លើការកត់សម្គាល់ របស់អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នៅថ្ងៃដែលទីក្រុងវ៉ាស៊ីនតោន នឹងបន្តពង្រឹង “ទំនាក់ទំនងក្រៅផ្លូវការ” របស់ខ្លួនជាមួយតៃវ៉ាន់។

" "

លោក Wang បានលើកឡើងថា “យើងក៏បានកត់សម្គាល់ផងដែរថា លោកស្រី Harris បានលើកឡើងថា “ប្រទេសចិន កំពុងធ្វើឱ្យខូចដល់ធាតុសំខាន់ៗ នៃសណ្តាប់ធ្នាប់ ដែលផ្អែកលើច្បាប់អន្តរជាតិ” ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់លោកស្រី ទៅកាន់ប្រទេសជប៉ុន ដោយកត់សម្គាល់ថា ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកខ្លួនឯងជាអ្នកបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិ។

" "

អ្នកនាំពាក្យរូបនេះបានបន្ដថា ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ដោយមិនយកចិត្តទុកដាក់ ចំពោះការរំខានរយៈពេល ៤ខែរបស់ចិន បានធ្វើទស្សនកិច្ចបង្កហេតុ ទៅកាន់តំបន់តៃវ៉ាន់របស់ចិន ហើយបានចាត់ទុកតៃវ៉ាន់ថាជា “ប្រទេសឯករាជ្យ” នៅក្នុងខែសីហា ដែលបំពានយ៉ាងធ្ងន់ធ្ងរ ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន ប៉ះពាល់ដល់ទំនាក់ទំនងចិន-អាមេរិក បំផ្លាញសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។

លោកបានកត់សម្គាល់ថា គោលការណ៍ចិនតែមួយ គឺជាការឯកភាពទូទៅ របស់សហគមន៍អន្តរជាតិ និងជាបទដ្ឋានជាមូលដ្ឋាន សម្រាប់គ្រប់គ្រងទំនាក់ទំនងអន្តរជាតិ ហើយវាក៏ជាមូលដ្ឋានគ្រឹះនយោបាយសម្រាប់ការបង្កើត និងអភិវឌ្ឍទំនាក់ទំនងការទូតរវាងចិន និងសហរដ្ឋអាមេរិកផងដែរ។

អាមេរិកបានទទួលស្គាល់យ៉ាងច្បាស់ នៅក្នុងសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំង៣ ថាមានចិនតែមួយ និងតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន ហើយបានទទួលស្គាល់រដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ចិន។

លោក Wang បានបន្ថែមថា ភាគីសហរដ្ឋអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនមិនមានចេតនាចង់ ការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន ឬការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន ឬបន្តគោលនយោបាយ “ចិនពីរ” ឬ “ចិនតែមួយ តៃវ៉ាន់តែមួយ”។

លោក Wang បាន បន្ថែមទៀតថា “ការរក្សាពាក្យសម្ដី គឺជាច្បាប់មូលដ្ឋានបំផុត ។ លោក Wang បានអះអាងថា “ប្រសិនបើភាគីអាមេរិក មិនគោរពការប្តេជ្ញាចិត្តរបស់ខ្លួន តើវាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការនិយាយអំពីច្បាប់យ៉ាងដូចម្តេច? វានឹងក្លាយជាអ្នកបំផ្លាញច្បាប់ អន្តរជាតិតែប៉ុណ្ណោះ”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top