បរទេស៖ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ នៃការមកដល់ប្រទេសស៊ូដង់ ឯកអគ្គរដ្ឋទូតអាមេរិកដំបូងគេ ក្នុងរយៈពេល ២៥ ឆ្នាំបានគំរាមកំហែងទីក្រុង Khartoum រួចហើយជាមួយនឹង “ផលវិបាក ” ប្រសិនបើស៊ូដង់ធ្វើតាមកិច្ចព្រមព្រៀង ជាមួយទីក្រុងម៉ូស្គូ សម្រាប់ការអនុញ្ញាត ឱ្យមានមូលដ្ឋានទ័ពជើងទឹករុស្ស៊ី នៅលើសមុទ្រក្រហម។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោកឯកអគ្គរដ្ឋ ទូត John Godfrey បានប្រាប់កាសែតប្រចាំថ្ងៃ របស់ស៊ូដង់ Daily Al-Tayar កាលពីថ្ងៃអង្គារថា “ប្រទេសទាំងអស់មាន សិទ្ធិអធិបតេយ្យភាពក្នុងការសម្រេចចិត្តថា តើប្រទេសណាផ្សេងទៀត ជាដៃគូជាមួយ ប៉ុន្តែជម្រើសទាំងនេះមានផលវិបាក” ។
រដ្ឋាភិបាលនៅទីក្រុង Khartoum បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយរុស្ស៊ីក្នុងឆ្នាំ ២០១៧ ដើម្បីបង្កើតកន្លែងកងទ័ពជើងទឹកនៅកំពង់ផែ Port Sudan នៅលើសមុទ្រក្រហម។ ចាប់តាំងពីពេលនោះមក ប្រធានាធិបតី Omar al-Bashir ត្រូវបានផ្ដួលរំលំក្នុងរដ្ឋប្រហារ និងចាប់ដាក់គុក។ លោក Godfrey បានព្រមានរដ្ឋាភិបាលថ្មីប្រឆាំងនឹងការបន្តកិច្ចព្រមព្រៀងនេះ ដោយនិយាយថា វានឹងបង្កគ្រោះថ្នាក់ដល់ផលប្រយោជន៍របស់ស៊ូដង់៕
ប្រែសម្រួលៈ ណៃ តុលា