កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ថា នៅថ្ងៃសុក្រនេះ លោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាឱ្យមានការស៊ើបអង្កេតលើ ការប្រព្រឹត្តខុសដែលអាច កើតមានដោយអតីតព្រះរាជអាជ្ញាកំពូល ដែលបាននាំយកសំណុំរឿង ពុករលួយប្រឆាំងនឹងសមាជិក ជាន់ខ្ពស់មួយចំនួននៃគណបក្ស United Malays National Organisation (UMNO) ដែលកាន់អំណាចរបស់គាត់ ។
លោកនាយករដ្ឋមន្ត្រីបានថ្លែង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Tommy Thomas ដែលបម្រើការជាអគ្គមេធាវី ចន្លោះឆ្នាំ២០១៨ និង២០២០ នឹងត្រូវបានស៊ើបអង្កេតចំពោះការបះបោរ ការបង្ហាញអាថ៌កំបាំងរបស់ រដ្ឋាភិបាលដោយគ្មានការអនុញ្ញាត និងការរំលោភបំពានសិទ្ធិអំណាច ។
លោក Ismail Sabri បានប្រឈមមុខនឹងសម្ពាធពីសមាជិក UMNO មួយចំនួនដើម្បីស៊ើបអង្កេត Thomas ដែលបានរៀបរាប់លម្អិត នៅក្នុងសៀវភៅអនុស្សាវរីយ៍ កាលពីឆ្នាំមុនអំពីការសម្រេចចិត្ត សំខាន់ៗមួយចំនួនដែលគាត់ បានធ្វើអំឡុងពេលគាត់ កាន់តំណែងជាអគ្គមេធាវី ។
ទាំងនេះរួមបញ្ចូលការចោទប្រកាន់ ពីបទពុករលួយប្រឆាំងនឹងប្រធាន UMNO លោក Ahmad Zahid Hamidi និងអតីតនាយករដ្ឋមន្ត្រី Najib Razak ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារ ក្នុងចំណោមអ្នកផ្សេងទៀត ។
លោក Ahmad Zahid និងលោក Najib ដែលបដិសេធមិនធ្វើខុស បានលើកឡើងថា ការចោទប្រកាន់លើពួកគេ គឺជាហេតុផលនយោបាយ ។ បុរសទាំង២នាក់ នៅតែមានឥទ្ធិពលខ្លាំង ហើយស្ថិតក្នុងចំណោមសមាជិកបក្ស ដែលអំពាវនាវឱ្យមានការ ស៊ើបអង្កេតលើរូបលោក Thomas ។
លោក Thomas បានបដិសេធមិនធ្វើអត្ថាធិប្បាយ នៅពេលត្រូវបានទាក់ទង ដោយទីភ្នាក់ងារព័ត៌មាន Reuters ។
ការស៊ើបអង្កេតនេះបាន កើតឡើងនៅគ្រាដែលលោក Ismail Sabri ប្រឈមមុខនឹងការទាមទារ ដាច់ដោយឡែកពី UMNO ដើម្បីអំពាវនាវឱ្យមានការ បោះឆ្នោតមុនកាលកំណត់ ដើម្បីទាញយកប្រយោជន៍ ពីភាពជោគជ័យរបស់ខ្លួននៅក្នុង ការបោះឆ្នោតក្នុងស្រុកនាពេលថ្មីៗនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា