វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ថា សហរដ្ឋអាមេរិកkកាលពីថ្ងៃសុក្រ បានដាក់ទណ្ឌកម្មយ៉ាងសន្ធឹកសន្ធាប់ ទៅលើប្រទេសរុស្ស៊ី ជុំវិញការប្រកាសដាក់បញ្ចូល តំបន់របស់អ៊ុយក្រែន ឲ្យក្លាយជារបស់ខ្លួន ដោយការដាក់ទណ្ឌកម្មនោះគឺ ផ្តោតលើមនុស្ស និងក្រុមហ៊ុនរាប់រយនាក់ រួមទាំងអ្នកនៅក្នុងបរិវេណ ឧស្សាហកម្មយោធា និងសមាជិកសភារបស់រុស្ស៊ីផងដែរ ។
ក្រុងវ៉ាស៊ីនតោនបានធ្វើសកម្មភាពបន្ទាប់ពី ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្របានប្រកាស ការរួមបញ្ចូលដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ ដោយបានប្រកាសការគ្រប់គ្រងរបស់រុស្ស៊ី លើ១៥ភាគរយនៃអ៊ុយក្រែន ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បៃដិន បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា “យើងនឹងប្រមូលផ្តុំសហគមន៍អន្តរជាតិឱ្យថ្កោលទោសចំពោះទង្វើទាំងនេះ និងធ្វើឱ្យរុស្ស៊ីទទួលខុសត្រូវ ។ យើងនឹងបន្តផ្តល់ឱ្យអ៊ុយក្រែន នូវឧបករណ៍ដែលខ្លួនត្រូវការដើម្បីការពារខ្លួន ដោយមិនមានការរារាំងដោយកិច្ចខិតខំប្រឹងប្រែង ដ៏អង់អាចរបស់រុស្ស៊ី ក្នុងការគូរឡើងវិញនូវព្រំដែន នៃប្រទេសជិតខាងរបស់ខ្លួន” ។ ស្ថានទូតរុស្ស៊ី ប្រចាំនៅក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដើម្បីសុំការអត្ថាធិប្បាយទេ ។
ការណែនាំពីក្រសួងរតនាគារសហរដ្ឋអាមេរិក និងក្រសួងពាណិជ្ជកម្មបានព្រមានថា នរណាម្នាក់ដែលនៅក្រៅប្រទេសរុស្ស៊ី រួមទាំងក្រុមហ៊ុននានា ដែលផ្តល់ការគាំទ្រផ្នែកនយោបាយ សេដ្ឋកិច្ច ឬសម្ភារៈដល់ទីក្រុងម៉ូស្គូ ប្រឈមនឹងហានិភ័យខ្ពស់ នៃការដាក់ទណ្ឌកម្ម ។
គេបានដឹងថា កន្លងមក ទណ្ឌកម្មរបស់រតនាគារ ជាទូទៅបង្កកទ្រព្យសកម្មរបស់សហរដ្ឋអាមេរិក ណាមួយដែលបានកំណត់ និងរារាំងជនជាតិអាមេរិក ពីការដោះស្រាយជាមួយពួកគេ ។
ពាណិជ្ជកម្មបានបន្ថែមអង្គភាព ចំនួន៥៧នៅរុស្ស៊ី និងគ្រីមៀទៅក្នុងបញ្ជីខ្មៅ នៃការនាំចេញរបស់អាមេរិក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា