តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា អគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Mohammad Bagheri កាលពីថ្ងៃសុក្រ បានប្តេជ្ញាថានឹងឆ្លើយតបទៅនឹង “សកម្មភាពអរិភាព” របស់សហរដ្ឋអាមេរិក ចំពោះយន្តហោះដ្រូនរបស់អ៊ីរ៉ង់។
ថ្លែងសុន្ទរកថាអំពីការអះអាង របស់សហរដ្ឋអាមេរិក ទាក់ទងនឹងការបំផ្លាញយន្តហោះដ្រូន របស់អ៊ីរ៉ង់ លោក Bagheri បានលើកឡើងថា “ប្រសិនបើអាមេរិក ចាត់វិធានការប្រឆាំងនឹង យន្តហោះដ្រូនរបស់អ៊ីរ៉ង់ កងកម្លាំងប្រដាប់អាវុធ នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ នឹងឆ្លើយតប ចំពោះសកម្មភាពអរិភាពនេះ ហើយយើងរក្សាសិទ្ធិ ក្នុងការប្រឈមមុខនឹងការសងសឹក” ។
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធបានប្រកាសថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ីរ៉ង់ ដែលកំពុងឆ្ពោះទៅកាន់ទីក្រុង Erbil ដែលជារដ្ឋធានី នៃតំបន់ពាក់កណ្តាលស្វយ័ត Kurdistan របស់ប្រទេសអ៊ីរ៉ាក់។
លោក Bagheri ក៏បានសង្កត់ធ្ងន់ថា “ប្រសិនបើសកម្មភាពអរិភាពប្រឆាំងនឹងអ៊ីរ៉ង់ សន្តិសុខជាតិ និងផលប្រយោជន៍ជាតិរបស់ខ្លួន កើតឡើងពីមូលដ្ឋានអាមេរិក នៅក្នុងប្រទេសជិតខាងនោះ យើងនឹងឆ្លើយតបនឹងមូលដ្ឋានទាំងនោះ”៕ប្រែសម្រួល ឈូក បូរ៉ា