ព័ត៌មានអន្តរជាតិ

អតីតប្រធាន CIA ព្យាករណ៍ថា ណាតូ នឹង “ដកឬសទ័ព” របស់រុស្ស៊ី ប្រសិនបើក្រុងមូស្គូ ប្រើនុយក្លេអ៊ែរ

បរទេស៖ ឧត្តមសេនីយកងទ័ពអាមេរិក ដែលចូលនិវត្តន៍គឺលោក David Petraeus ដែលបម្រើការជានាយក CIA មួយរយៈពេលខ្លី បន្ទាប់ពីយុទ្ធសាស្រ្តប្រឆាំង ការបះបោររបស់លោកបានបរាជ័យ ក្នុងប្រទេសអាហ្វហ្គានីស្ថាន បានព្យាករណ៍ថា ទីក្រុងវ៉ាស៊ីនតោននឹងដឹកនាំ ការឆ្លើយតបដ៏ខ្លាំងក្លាចំពោះការវាយប្រហារ នុយក្លេអ៊ែររបស់រុស្ស៊ីណាមួយនៅអ៊ុយក្រែន ដោយវានឹងបំផ្លាញកងកម្លាំង និងមូលដ្ឋានយោធាទាំងអស់ របស់ទីក្រុងម៉ូស្គូនៅក្នុង តំបន់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Petraeus កាលពីថ្ងៃអាទិត្យនៅក្នុងបទសម្ភាសន៍ជាមួយ ABC News ថា “យើងនឹងឆ្លើយតបដោយការដឹកនាំណាតូ ដែលជាកិច្ចខិតខំប្រឹងប្រែងរួម ដែលនឹងដកចេញនូវរាល់ កងកម្លាំងសាមញ្ញរបស់រុស្ស៊ី ដែលយើងអាចមើលឃើញ និងកំណត់អត្តសញ្ញាណនៅលើ សមរភូមិក្នុងប្រទេសអ៊ុយក្រែន ព្រមទាំងនៅតំបន់ Crimea និងគ្រប់នាវានៅសមុទ្រខ្មៅ” ។

យ៉ាងណាក៏ដោយ លោក Petraeus មិនបានផ្តល់ព័ត៌មានជាក់លាក់ ណាមួយអំពីរបៀបដែលកងកម្លាំងណាតូ នឹងធ្វើឱ្យការងារងាយស្រួល ទៅលើយោធារុស្ស៊ីនោះទេ ហើយបានសារភាពថា លោកកំពុងនិយាយដោយសម្មតិកម្ម ឬជាការស្មាន ហើយមិនបានដឹងពីផែនការ ពិតប្រាកដរបស់រដ្ឋបាលប្រធានាធិបតី Biden នោះទេ។ លោកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនគួរតែចៀសវាង “នុយក្លេអ៊ែរសម្រាប់នុយក្លេអ៊ែរ” ប៉ុន្តែអ្នកត្រូវតែបង្ហាញថា នេះមិនអាចទទួលយក តាមវិធីណាមួយបានទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top