ព័ត៌មានអន្តរជាតិ

News Update៖ គ្រោះទឹកជំនន់វាយប្រហារនៅប៉ាគីស្ថាន បណ្តាលឲ្យស្លាប់អស់ជាង១.៦០០នាក់ នារដូវម៉ូសុងនេះ

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ថា អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ ហៅកាត់ថា (NDMA) បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងម៉ូសុងរដូវនេះ និងគ្រោះទឹកជំនន់ចាប់តាំងពីពាក់កណ្តាលខែមិថុនាមកបានកើនឡើងដល់ប្រហែល១.៦៩៥នាក់រួមជាមួយនេះដែរមានអ្នករបួស១២.៨៦៥នាក់ផ្សេងទៀតនៅក្នុងប្រទេសប៉ាគីស្ថាន ។

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយ NDMA កុមារចំនួន៦៣០និងស្ត្រី៣៤០នាក់ស្ថិតក្នុងចំណោមអ្នកដែល បានបាត់បង់ជីវិតក្នុងភ្លៀងធ្លាក់ដាច់ដោយឡែកពីគ្នា ឬគ្រោះថ្នាក់ទាក់ទងនឹងទឹកជំនន់នៅក្នុងប្រទេសនេះ ។

ខេត្ត Sindh ស្ថិតនៅភាគខាងត្បូងរបស់ប្រទេស គឺជាតំបន់ដែលរងគ្រោះខ្លាំងជាងគេដែលមានមនុស្ស៧៥៩នាក់បានបាត់បង់ជីវិត បន្ទាប់មកគឺខេត្ត Balochistan ភាគនិរតី និងខេត្ត Khyber Pakhtunkhwa ភាគពាយព្យ ដែលបានរាយការណ៍ថា មានអ្នកស្លាប់ចំនួ៣៣៦នាក់ និង៣០៧នាក់ ។

ជាងនេះទៅទៀត ផ្ទះចំនួន២.០៤៥.៣៤៩ខ្នងត្រូវបានបំផ្លាញ និងសត្វពាហនៈចំនួន១.១៦២.១២២ក្បាលបានបាត់បង់ជីវិតនៅក្នុងផ្នែកផ្សេងៗនៃប្រទេសប៉ាគីស្ថាន ។

អាជ្ញាធរខាងលើបានឲ្យដឹងទៀតថា ប្រជាជនប្រហែល៣៣.០៤៦.៣២៩នាក់ និងស្រុកចំនួន៨៤ត្រូវបានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ។

របាយការណ៍បានដាក់ទៀតថា ផ្លូវប្រវែង១៣.២៥៤.៤៩គីឡូម៉ែត្រ និងស្ពានចំនួន៤៤០កន្លែងបានខូចខាតទាំងស្រុងនារដូវកាលនេះ ។

ប្រតិបត្តិការជួយសង្គ្រោះ និងសង្គ្រោះដោយអាជ្ញាធរ NDMA អង្គការរដ្ឋាភិបាលផ្សេងទៀត អ្នកស្ម័គ្រចិត្ត និងអង្គការមិនមែនរដ្ឋាភិបាលកំពុងដំណើរការនៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់ ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top