វ៉ាស៊ីនតោន៖ ឧត្តមសេនីយ៍ David Petraeus អតីតបញ្ជាការកងទ័ពអាមេរិក ដែលចូលនិវត្តន៍បានព្យាករណ៍ថា ទីក្រុងវ៉ាស៊ីនតោន នឹងដឹកនាំការឆ្លើយតបដ៏អាក្រក់ ចំពោះការវាយប្រហារនុយក្លេអ៊ែររបស់រុស្ស៊ីណាមួយ ក្នុងប្រទេសអ៊ុយក្រែន ដោយបំផ្លាញកងកម្លាំង និងមូលដ្ឋានយោធាទាំងអស់របស់ទីក្រុងម៉ូស្គូ នៅក្នុងតំបន់។
លោក Patraeus ដែលបានបម្រើការជានាយក CIA មួយរយៈខ្លី បន្ទាប់ពីយុទ្ធសាស្ត្រប្រឆាំងការបះបោររបស់លោក បានបរាជ័យក្នុងប្រទេសអាហ្វហ្គានីស្ថាន បានប្រាប់ទូរទស្សន៍ ABC News ថា “យើងនឹងឆ្លើយតបដោយការដឹកនាំអង្គការណាតូ ដែលជាកិច្ចខិតខំប្រឹងប្រែងរួម ដែលនឹងដកគ្រប់កម្លាំងសាមញ្ញរបស់រុស្ស៊ី ដែលយើងអាចមើលឃើញ និង កំណត់ អត្តសញ្ញាណ នៅ សមរភូមិ ក្នុង ប្រទេស អ៊ុយក្រែន និង នៅតំបន់គ្រីមៀ និង រាល់ កប៉ាល់ នៅ សមុទ្រ ខ្មៅ”។
ឧត្តមសេនីយ ដែលចូលនិវត្តន៍រូបនេះ មិនបានផ្តល់ព័ត៌មានជាក់លាក់ណាមួយអំពីរបៀប ដែលកងកម្លាំងណាតូ នឹងធ្វើការវាយប្រហារលើយោធារុស្ស៊ីនោះទេ ហើយបានសារភាពថា លោកបាននិយាយដោយសម្មតិកម្ម ហើយមិនបានដឹងពីផែនការរបស់រដ្ឋបាលលោក បៃដិន នោះទេ។
លោក Patraeus បានបន្ថែមថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គួរតែជៀសវាង “ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ សម្រាប់ការឆ្លើយតបនឹងអាវុធនុយក្លេអ៊ែរ ប៉ុន្តែអ្នកត្រូវតែបង្ហាញថា នេះមិនអាចទទួលយកបានតាមវិធីណាក៏ដោយ”។
នៅក្នុងសេណារីយ៉ូបែបនេះ សហរដ្ឋអាមេរិក នឹងធ្វើសង្រ្គាមដោយផ្ទាល់ជាមួយមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ដូចដែលប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានព្រមានកាលពីខែមុនថា ទីក្រុងម៉ូស្គូ នឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីការពារប្រទេសរុស្ស៊ី និងប្រជាជនរបស់ខ្លួន ប្រសិនបើបូរណភាពទឹកដីរបស់ប្រទេសនេះស្ថិតក្នុងគ្រោះថ្នាក់។ សេតវិមានបានបកស្រាយថា វាជាការគំរាមកំហែងក្នុងការ ប្រើអាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងអ៊ុយក្រែនហើយបាន ឆ្លើយតបដោយការគំរាមកំហែងពី “ផលវិបាកដ៏មហន្តរាយ”៕
ប្រែសម្រួល ឈូក បូរ៉ា