ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ជំរុញ​ឲ្យ​អាមេរិក ឈប់​ញៀន ​នឹងការដាក់ទណ្ឌកម្ម ប្រសិនបើ​ចង់​ឈាន ​ដល់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានជំរុញឱ្យសហរដ្ឋអាមេរិក ឈប់ញៀនពីការដាក់ទណ្ឌកម្មរបស់ខ្លួន និងបង្ហាញអាកប្បកិរិយា “ស្ថាបនា” ប្រសិនបើខ្លួន ស្វែងរកការឈាន ដល់កិច្ចព្រមព្រៀង ស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានផ្លូវការ IRNA ។

លោក Nasser Kanaani បានធ្វើការកត់សម្គាល់ នៅក្នុងសុន្ទរកថាទៅកាន់សន្និសីទ សារព័ត៌មានប្រចាំសប្តាហ៍ ដោយបន្ថែមថា ការដាក់ទណ្ឌកម្មថ្មីរបស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ បង្ហាញថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងទទួលរងពីភាពមិនស៊ីសង្វាក់គ្នា និងផ្ទុយស្រឡះ ហើយបរាជ័យក្នុងការមានឆន្ទៈនយោបាយ សម្រាប់ការបន្តការចរចា នុយក្លេអ៊ែរ។

លោកបានកត់សម្គាល់ថា កិច្ចពិភាក្សា ស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងការដកទណ្ឌកម្មកំពុង បន្តតាមរយៈសហភាពអឺរ៉ុប ជាអ្នកសម្របសម្រួលការចរចា ដោយលើកឡើងថា សម័យប្រជុំលើកទី៧៧ នៃមហាសន្និបាតអង្គការ សហប្រជាជាតិ នៅទីក្រុងញូវយ៉ក បានផ្តល់ឱកាសដ៏ល្អ សម្រាប់កិច្ចពិភាក្សា ស្តីពីបញ្ហា និង​សារ​ប្រយោល​ត្រូវ​បាន​ដោះដូរ ​រវាង​ក្រុង​តេអេរ៉ង់ និង​វ៉ាស៊ីនតោន​។

អ៊ីរ៉ង់ នៅតែប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀង “ល្អ និងរឹងមាំ” ក៏ដូចជាលទ្ធផលអំណោយផល ហើយបានដាក់ការឆ្លើយតបរបស់ខ្លួន ចំពោះសេចក្តីព្រាងចុងក្រោយ ដែលបានស្នើឡើងរបស់សហភាពអឺរ៉ុប នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដ៏មានសក្តានុពលមួយ។

លោក Kanaani បានធានាថា ដំណើរការផ្លាស់ប្តូរសារកំពុងបន្ត ហើយអ៊ីរ៉ង់ បានបង្ហាញសេចក្តីសន្និដ្ឋាន របស់ខ្លួនអំពីការចរចាទៅកាន់អឺរ៉ុប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានបន្ថែមថា វានៅតែអាចឈានដល់កិច្ចព្រមព្រៀងមួយ និងបន្តការអនុវត្តកិច្ចព្រមព្រៀង នុយក្លេអ៊ែរឡើងវិញ ដោយលោកសង្កត់ធ្ងន់ថា នៅពេលដែលភាគីអាមេរិក បង្ហាញឆន្ទៈនយោបាយរបស់ខ្លួន កិច្ចព្រមព្រៀង នេះអាចសម្រេច បានក្នុងរយៈពេលដ៏ខ្លី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top