ព័ត៌មានអន្តរជាតិ

ជប៉ុន គ្រោងនឹងបើកស្ថានទូត របស់ខ្លួនឡើងវិញនៅក្នុងទីក្រុងគៀវ ក្រោយផ្អាកជាង ៧ខែដោយសារសង្គ្រាមរុស្ស៊ី

តូក្យូ៖ ប្រភពការទូតបានឲ្យដឹងថា ប្រទេសជប៉ុនគ្រោងនឹង បើកស្ថានទូតរបស់ខ្លួនឡើងវិញ នៅក្នុងទីក្រុងគៀវ នៅដំណាច់ខែតុលា ច្រើនជាង ៧ខែបន្ទាប់ពីការបិទបណ្តោះអាសន្ន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែនកាលពីក្នុងខែកុម្ភៈ។

យោងតាមប្រភពបានឱ្យដឹងថា ខណៈដែលក្រុមប្រទេស ឧស្សាហកម្មចំនួន ៧ផ្សេងទៀត បានបន្តប្រតិបត្តិការ ការទូតឡើងវិញក្នុង ប្រទេសអ៊ុយក្រែនរួចហើយ ប្រទេសជប៉ុន គ្រោងនឹងបញ្ចប់ការសម្រេចចិត្តនេះ ដោយគិតពីស្ថានភាពសន្តិសុខ ដែលប្រសើរឡើងនៅក្នុងរដ្ឋធានីអ៊ុយក្រែន។

ប្រភពបានឲ្យដឹងថា ការចាប់ផ្តើមឡើងវិញនៃស្ថានទូតជប៉ុន នឹងបង្ហាញពីការរួបរួមក្នុងចំណោមក្រុម G-7 ដែលបានព្យាយាមដាក់ សម្ពាធលើប្រទេសរុស្ស៊ី ដោយការអនុវត្តទណ្ឌកម្ម សេដ្ឋកិច្ចធ្ងន់ធ្ងរលើទីក្រុងមូស្គូ ជុំវិញសង្គ្រាមអូសបន្លាយ របស់ខ្លួននៅអ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសលោក Yoshimasa Hayashi បានប្រាប់សន្និសីទ សារព័ត៌មានកាលពីថ្ងៃចន្ទថា ការបន្តស្ថានទូតឡើងវិញគឺ “មានសារៈសំខាន់សម្រាប់ការ ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសជប៉ុន និងអ៊ុយក្រែន” ដោយបន្ថែមថា ប្រទេសជប៉ុន នឹងយកបញ្ហានេះទៅជា “ការពិចារណាដ៏ទូលំទូលាយ” ។

កាលពីដើមខែមីនា ប្រទេសជប៉ុន បានបិទស្ថានទូតរបស់ខ្លួន នៅក្នុងរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន ហើយបុគ្គលិក និងប្រតិបត្តិការរបស់ខ្លួនត្រូវបានផ្ទេរ ទៅការិយាល័យទំនាក់ទំនងបណ្តោះអាសន្ន ដែលបង្កើតឡើងនៅភាគខាងលិចនៃទីក្រុង Lviv ចំពេលមានការកើនឡើង យ៉ាងឆាប់រហ័សនៃការ វាយប្រហារដោយប្រទេសរុស្ស៊ី ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top