បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ដើម្បីបន្តកិច្ចចរចាសន្តិភាព ជាមួយទីក្រុងគៀវ ទីក្រុងមូស្គូនឹងរង់ចាំការផ្លាស់ប្តូរជំហរ របស់ប្រធានាធិបតីអ៊ុយក្រែន បច្ចុប្បន្ន ឬសម្រាប់មេដឹកនាំថ្មី របស់ប្រទេសនេះ។ ការអះអាងនេះកើតឡើង បន្ទាប់ពីប្រធានាធិបតី Zelensky បានចុះហត្ថលេខា លើក្រឹត្យមួយ ដែលបដិសេធការចរចា ជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Peskov បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារថា សូម្បីតែមុនពេលចាប់ផ្តើម ប្រតិបត្តិការយោធារបស់រុស្ស៊ី នៅអ៊ុយក្រែន នៅចុងខែកុម្ភៈ ទីក្រុងមូស្គូ គឺជាអ្នកគាំទ្រគំនិត នៃការសម្រេចបាននូវលក្ខខណ្ឌ ដែលបានដាក់ចេញ ដោយភាគីរុស្ស៊ី តាមរយៈមធ្យោបាយការទូត។
ទោះជាយ៉ាងណា រុស្ស៊ីនៅតែត្រៀមខ្លួន ដើម្បីស្វែងរកដំណោះស្រាយចរចា ចំពោះជម្លោះ រវាងប្រទេសជិតខាង, នេះបើយោងតាមអ្នកនាំពាក្យរូបនេះ ប៉ុន្តែលោកបានកត់សម្គាល់ថា “វាត្រូវការភាគីពីរដើម្បីចរចា” ។

លោក Peskov បាននិយាយថា “ឥឡូវនេះយើងនឹងរង់ចាំ ប្រធានាធិបតីបច្ចុប្បន្ន ដើម្បីផ្លាស់ប្តូរជំហររបស់គាត់ ឬសម្រាប់ការមកដល់នៃអនាគតប្រធានាធិបតីអ៊ុយក្រែន ដែលនឹងផ្លាស់ប្តូរជំហរ របស់គាត់ដើម្បីផលប្រយោជន៍ របស់ប្រជាជនអ៊ុយក្រែន” ។
សូមជម្រាបថា កាលពីថ្ងៃអង្គារ លោក Zelensky បានចុះហត្ថលេខាលើក្រឹត្យស្តីពីអ៊ុយក្រែនជាផ្លូវការបដិសេធការចរចាសន្តិភាពជាមួយលោក Putin។ ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិរបស់អ៊ុយក្រែន ធ្វើឡើងនៅថ្ងៃសុក្រ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីលោក Putin បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី Donetsk និង Lugansk សាធារណៈរដ្ឋប្រជាមានិត និងតំបន់ Kherson និង Zaporozhye ចូលរួមជាមួយប្រទេសរុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា
