តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា វិធានការនានា ដែលធ្វើឡើង ដើម្បីដកទណ្ឌកម្ម របស់ទីក្រុងវ៉ាស៊ីនតោន លើទីក្រុងតេអេរ៉ង់ និងធ្វើឱ្យកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ឡើងវិញគឺស្ថិតនៅលើផ្លូវត្រូវ ។
ដោយអត្ថាធិប្បាយ លើការវិវឌ្ឍន៍ ចុងក្រោយបង្អស់ ក្នុងកិច្ចចរចា នុយក្លេអ៊ែរ លោក Amir-Abdollahian បានលើកឡើងថា ប្រធានអ្នកចរចា នុយក្លេអ៊ែរ របស់ប្រទេសលោក Ali Bagheri Kani និងមន្ត្រីផ្សេងទៀត បានជួបពិភាក្សាជាច្រើន ជាមួយភាគីពាក់ព័ន្ធផ្សេងទៀត នៅខាងក្រៅសម័យប្រជុំលើកទី៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ហើយបានឈានដល់ការសន្និដ្ឋានដ៏ល្អ ។
លោកបានលើក ឡើងថា “នាពេលបច្ចុប្បន្ននេះ យើងបានឈានដល់ចំណុចមួយ ដែលការយល់ដឹង រួមអំពីបញ្ហាផ្សេងៗគ្នា ដែលនឹងជួយឱ្យ យើងធ្វើសកម្មភាព ក្នុងល្បឿន កាន់តែល្អប្រសើរ និងលឿនជាងមុននៅក្នុងជំហាន ចុងក្រោយឆ្ពោះទៅរកកិច្ច ព្រមព្រៀងមួយ”។
កន្លងមក ទីក្រុងវ៉ាស៊ីនតោន បានបរាជ័យក្នុងការយល់ដឹង ត្រឹមត្រូវអំពីស្ថានភាពនេះ លោក Amir-Abdollahian បានលើកឡើងថា “យើងមានអារម្មណ៍ថា បច្ចុប្បន្នសហរដ្ឋអាមេរិក កំពុងផ្លាស់ប្តូរសារជាមួយ នឹងការយល់ដឹងកាន់តែប្រសើរឡើង” ។
លោកបានបន្ថែមថា ប្រធានអង្គការថាមពលអាតូមិក នៃប្រទេសអ៊ីរ៉ង់ លោក Mohammad Eslami និងលោក Rafael Grossi អគ្គនាយកនៃទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ ក្នុងកិច្ចពិភាក្សា កាលពីចុងខែកញ្ញា បានពិភាក្សាលើបញ្ហាមួយចំនួន ហើយបានឈានដល់ការយោគយល់គ្នាមួយ។
ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នុយក្លេអ៊ែរដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ជាមួយប្រទេសធំៗចំនួន ប្រាំកាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមទប់ស្កាត់កម្មវិធី នុយក្លេអ៊ែររបស់ខ្លួនជាថ្នូរ នឹងការដកទណ្ឌកម្ម លើប្រទេសនេះ។
ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀង និងបានដាក់ទណ្ឌកម្ម ឯកតោភាគីឡើងវិញ លើទីក្រុងតេអេរ៉ង់ ដោយជំរុញឱ្យភាគីចុងក្រោយទម្លាក់ការ ប្តេជ្ញាចិត្តមួយចំនួន នៅក្រោមកតិកាសញ្ញានេះ៕