វីយែន៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តដែលជាក្រុមដែលគេស្គាល់ថាជា OPEC+ បានប្រកាសកាត់បន្ថយផលិតកម្មដ៏ធំចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ចាប់ពីខែវិច្ឆិកា ដើម្បីជំរុញតម្លៃប្រេង ដែលទើបតែធ្លាក់ចុះដោយសារការភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ច។
សម្ព័ន្ធប្រេងបានសម្រេចកាត់បន្ថយទិន្នផលសរុបរបស់ខ្លួនចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃពីទិសដៅផលិតនៅខែសីហារបស់ខ្លួននេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC និងមិនមែន OPEC លើកទី៣៣ ។
ការកាត់បន្ថយនេះស្មើនឹងប្រហែល ២ភាគរយនៃតម្រូវការប្រេងពិភពលោកក្នុងឆ្នាំនេះ ដែលត្រូវបានប៉ាន់ ប្រមាណដោយអង្គការ OPEC នៅប្រហែល ១០០លានបារ៉ែលក្នុងមួយម៉ោង។
យោងតាមសេចក្តីថ្លែងការណ៍ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង “ដោយមើលឃើញពីភាព មិនប្រាកដ ប្រជាដែលនៅជុំវិញ ទស្សនវិស័យសេដ្ឋកិច្ច និងទីផ្សារប្រេងពិភពលោក និងតម្រូវការក្នុងការពង្រឹង ការណែនាំរយៈពេលវែងសម្រាប់ទីផ្សារប្រេង និងស្របតាមវិធីសាស្រ្តជោគជ័យនៃការសកម្ម និងមានការប្រុងប្រយ័ត្ន”។
រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីតលោក Abdulaziz bin Salman បានប្រាប់សន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំថា “យើង (OPEC+) នៅទីនេះ ដើម្បីរក្សាជាកម្លាំងមធ្យម ដើម្បីនាំមកនូវស្ថិរភាព” ។
ការផ្លាស់ប្តូរកាលពីថ្ងៃពុធរបស់ OPEC+ បានកើតឡើងនៅពេលដែល តម្លៃប្រេងឆៅបានបន្តធ្លាក់ចុះ ចាប់តាំងពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីចុងក្រោយរបស់ OPEC+ នៅដើមខែកញ្ញា នៅពេលដែលសម្ព័ន្ធភាព បានយល់ព្រមលើការកាត់បន្ថយផលិតកម្មតិចតួចចំនួន ១០ម៉ឺនបារ៉ែលក្នុងខែតុលា ដើម្បីរក្សាតម្លៃ៕
ប្រែសម្រួល ឈូក បូរ៉ា