ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្រមានពីការឆ្លើយតប ទៅវិញទៅមក ប្រសិនបើសហភាពអឺរ៉ុប បន្តអាកប្បកិរិយាស្តង់ដារទ្វេរ

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានថ្កោលទោសកាលពីថ្ងៃពុធថា “ជំហររំខាន” ដោយមន្ត្រីអឺរ៉ុបមួយចំនួន ទាក់ទងនឹងការវិវឌ្ឍន៍ថ្មីៗ នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយព្រមានពីសកម្មភាព “មានប្រសិទ្ធភាព និងទៅវិញទៅមក” ប្រសិនបើសហភាពអឺរ៉ុប បន្តអាកប្បកិរិយា ស្តង់ដារទ្វេររបស់ខ្លួន។

លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីអ៊ីតាលី Luigi Di Maio ដែលក្នុងនោះភាគីទាំងពីរ ក៏បានពិភាក្សាអំពីការអភិវឌ្ឍន៍ អន្តរជាតិចុងក្រោយ ទំនាក់ទំនងទ្វេភាគី និងកិច្ចពិភាក្សា ស្តីពីការរស់ឡើងវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានផ្លូវការ IRNA។

ការអត្ថាធិប្បាយលើការស្លាប់ របស់ស្ត្រីជនជាតិអ៊ីរ៉ង់អាយុ ២២ឆ្នាំ Mahsa Amini លោក Amir-Abdollahian បានលើកឡើងថា “យើងដោយផ្អែកលើច្បាប់ របស់យើងបង្ហាញការទទួលខុសត្រូវ ក្នុងការដោះស្រាយការស្លាប់ របស់កូនម្នាក់របស់យើង ហើយមិនពេញចិត្តនឹងជំហរ និងការជ្រៀតជ្រែករបស់ ប្រទេសមួយចំនួនឡើយ។

លោក បានផ្តល់ការធានាថា ការស្លាប់របស់ Amini កំពុងត្រូវបានស៊ើបអង្កេត “ដោយប្រុងប្រយ័ត្ន យុត្តិធម៌ និងហ្មត់ចត់” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋមន្ត្រីអ៊ីរ៉ង់បានកត់សម្គាល់ថា អ៊ីរ៉ង់ដោយមានជំនឿយ៉ាងម៉ឺងម៉ាត់ និងជាក់ស្តែង ចំពោះលទ្ធិប្រជាធិបតេយ្យ តែងតែយកចិត្តទុកដាក់ចំពោះ ការទាមទារដោយសន្តិវិធី របស់ប្រជាជនខ្លួន ប៉ុន្តែ “មហាអំណាចបរទេសមួយចំនួន ជាធាតុរៀបចំ និងភេរវករ” បានធ្វើឱ្យការតវ៉ាដោយសន្តិវិធី ងាកចេញពីផ្លូវត្រឹមត្រូវ និងងាកទៅរកអំពើហិង្សា កុបកម្ម និងការសម្លាប់មនុស្សស្លូតត្រង់ និងប៉ូលីស។

ងាកទៅរកទំនាក់ទំនងទ្វេភាគី លោក Amir-Abdollahian បានលើកឡើងថា ប្រទេសទាំងពីរបានយល់ព្រម លើផែនទីបង្ហាញផ្លូវថ្មីមួយ សម្រាប់ការអភិវឌ្ឍទំនាក់ទំនង ក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងរ៉ូមនាពេលថ្មីៗនេះ។

សម្រាប់ផ្នែករបស់លោក រដ្ឋមន្ត្រីអ៊ីតាលីបានលើកឡើងថា ទីក្រុងរ៉ូម យកចិត្តទុកដាក់ ចំពោះទំនាក់ទំនងរបស់ខ្លួន ជាមួយទីក្រុងតេអេរ៉ង់ ដោយបង្ហាញការគាំទ្រយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ ក្នុងការឈានដល់កិច្ចព្រមព្រៀង យូរអង្វែងលើការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA)៕

ប្រែសម្រួល ឈូក បូរ៉ា

To Top