បរទេស៖ យ៉ាងហោចណាស់ កុមារ២៤នាក់ និងគ្រូបង្រៀនមានផ្ទៃពោះម្នាក់ ត្រូវបានសម្លាប់ ដោយអតីតមន្ត្រីប៉ូលិស ដែលបានទៅបាញ់ សម្លាប់មនុស្ស នៅក្នុងមណ្ឌលថែទាំកុមារមួយកន្លែង ស្ថិតនៅភាគឦសានប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ ភ្លាមៗបន្ទាប់ពីខ្មាន់កាំភ្លើង បានបង្ហាញខ្លួននៅតុលាការ លើបទចោទប្រកាន់គ្រឿងញៀន ។
យោងតាមសារព័ត៌មាន NBC News ចេញផ្សាយកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់ប៉ូលីសថៃថា នៅពេលជនសង្ស័យរត់គេចខ្លួន ជនវាយប្រហារបានបើក រថយន្តចូលទៅក្នុងហ្វូងមនុស្ស ហើយបានបាញ់ សម្លាប់ អ្នកឈរមើល មុនពេលគាត់ ធ្វើដំណើរទៅផ្ទះ ដែលជាកន្លែងដែលរូបគេបានសម្លាប់ប្រពន្ធរបស់ខ្លួនឯង កូនរបស់ និង ក្រោយមកក៏បានបាញ់សម្លាប់ខ្លួនឯង មុនពេលពួកគេបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ៣៨ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដ៏សាហាវបំផុតនៅក្នុង ប្រវត្តិសាស្ត្ររបស់ប្រទេសថៃ។
ប៉ូលិសបាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកវាយប្រហារបានប្រើកាំភ្លើងខ្លីទំហំ 9mm ប៉ុន្តែភាគច្រើនបានវាយប្រហារ កុមារដែលមានអាយុពី ២ ទៅ ៥ ឆ្នាំ ដោយប្រើកាំបិត។
លោក Paisal Luesomboon អ្នកនាំពាក្យប៉ូលិស បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ ThaiPBS ថា “គាត់បានចាប់ផ្តើមបាញ់ កាប់សម្លាប់កុមារនៅមជ្ឈមណ្ឌលថែទាំថ្ងៃ Utai Sawan” ។ យ៉ាងហោចណាស់មនុស្ស១២នាក់បានរងរបួស ក្នុងនោះ៨នាក់របួសធ្ងន់ និងកំពុងទទួលការព្យាបាល ។
ប៉ូលីសបាននិយាយថា ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ នៅមណ្ឌលថែទាំកុមារ Uthai Sawan ដែលមានចម្ងាយ ៣១០ ម៉ាយភាគឦសាននៃទីក្រុងបាងកក ក្នុងខេត្ត Nong Bua Lamphu មានក្មេងប្រុស ២១ នាក់ និងក្មេងស្រី ៣ នាក់ ។
មន្ត្រីបាននិយាយថា ជនសង្ស័យដែលធ្លាប់ ជាប៉ូលីសមានឈ្មោះ Panya Khamrab អាយុ ៣៤ ឆ្នាំ ធ្លាប់បម្រើការនៅប៉ុស្តិ៍ប៉ូលីស Na Wang ក្នុងខេត្ត Nong Bua Bamphu រហូតដល់គាត់ត្រូវបានចាប់ខ្លួន ជាមួយនឹងថ្នាំញៀនមេតំហ្វេតាមីនកាលពីឆ្នាំមុន។
Khamrab ស្លាប់ដោយការធ្វើអត្តឃាតបន្ទាប់ពីមានអំពើហិង្សាកើតឡើង, នេះបើតាមមន្ត្រីទទួលបន្ទុកសំណុំរឿងលោក វរសេនីយ៍ឯក Jackrapat Wijitwaitaya បានប្រាប់ NBC News ។ ជនសង្ស័យបានបង្ហាញខ្លួន នៅប៉ុន្មានម៉ោងមុន កាលថ្ងៃព្រហស្បតិ៍លើបទចោទប្រកាន់ គ្រឿងញៀនដែលនាំឱ្យគាត់ត្រូវ បានបណ្តេញ ចេញពីប៉ូលិសកាលពីឆ្នាំមុន៕