ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថាខ្លួនមិនបានបញ្ជូនអាវុធឲ្យរុស្ស៊ី នៅក្នុងជម្លោះនៅអ៊ុយក្រែនឡើយ

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃ៧ ខែតុលា ឆ្នាំ២០២២ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានថ្លែងថា អ៊ីរ៉ង់មិនបានបញ្ជូនសព្វាវុធទៅឱ្យរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងជម្លោះរបស់ខ្លួនជាមួយអ៊ុយក្រែននោះទេ ហើយនឹងមិនធ្វើដូច្នេះនៅពេលអនាគត ។

លោក Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងការហៅទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ជាមួយសមភាគីហ្វាំងឡង់ Pekka Haavisto ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយ ក្រសួងការបរទេសអ៊ីរ៉ង់ នៅលើគេហទំព័ររបស់ខ្លួននៅថ្ងៃសុក្រនេះ ។

លោកបានថ្លែងថា អ៊ីរ៉ង់ នៅតែអះអាងថា ដំណោះស្រាយចំពោះវិបត្តិនៅអ៊ុយក្រែនគួរតែជានយោបាយមួយ ហើយជំនួយផ្នែកយោធាណាមួយដល់ភាគីទាំងសង្ខាង នឹងពន្យារពេលឱកាសបង្កើតសន្តិភាពតែប៉ុណ្ណោះ ។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ ក្រសួងការបរទេសអ៊ុយក្រែន បានសម្រេចចិត្តទម្លាក់ចំណាត់ថ្នាក់ ទំនាក់ទំនងជាមួយអ៊ីរ៉ង់ និងដកការទទួលស្គាល់ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជុំវិញអ្វីដែលខ្លួនហៅថាជា “ទង្វើមិនរាក់ទាក់” របស់អ៊ីរ៉ង់ នៅក្នុង “ការផ្គត់ផ្គង់អាវុធដល់រុស្ស៊ីដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន”  ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top