បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelenksy បានធ្វើការអះអាងនិងព្រមាន អំពីលទ្ធភាព ដែលប្រទេសរុស្ស៊ី នឹង ធ្វើការប្រើប្រាស់ គ្រាប់នុយក្លេអ៊ែរ ហើយអំពាវនាវឲ្យមានការត្រៀមខ្លួន ឆ្លើយតបឲ្យបានទាន់ពេល ផងដែរ។
ថ្លែងនៅក្នុងបទសំភាសន៍ មួយជាមួយនឹង BBC លោក Zelensky បានថ្លែងថារុស្សីពេលនេះបានចាប់ផ្តើមរៀបចំ សង្គមរបស់ពួកគេ សម្រាប់ហេតុការណ៍ នៃការប្រើប្រាស់នុយក្លេអ៊ែរ រួចទៅហើយ ពីព្រោះថាលទ្ធភាព នៃការប្រើប្រាស់នុយក្លេអ៊ែរ នឹងនៅតែមាននៅឡើយ ប៉ុន្តែរុស្ស៊ី អាចនឹងមិនទាន់រួចរាល់ភ្លាមនោះទេ ដើម្បីប្រើប្រាស់វា ក្នុងពេលនេះ។
លោក Zelensky ដែលបានបកស្រាយបញ្ហានេះ ជាភាសាអង់គ្លេស បានព្រមានទៀតថា៖ វាគឺជារឿងដ៏គួរឲ្យគ្រោះថ្នាក់បំផុតមួយ ពីព្រោះថារុស្ស៊ី បានចាប់ផ្តើមទំនាក់ទំនង រវាងគ្នាដើម្បីពិភាក្សាថាតើ
គួរប្រើប្រាស់នុយក្លេអ៊ែរ ឬក៏យ៉ាងណា ក្នុងពេលណា ប៉ុន្តែទោះបីជាយ៉ាងណាក្តី រុស្ស៊ីក៏បានត្រៀមលក្ខណ្ឌ ជូនពលរដ្ឋរបស់គេហើយផងដែរ សម្រាប់លទ្ធភាព នៃការផ្ទុះអាវុធនុយក្លេអ៊ែរ។
ថ្លែងបន្តថា៖ អ្វីដែលលោក Putin ខ្លាចបំផុតនៅពេលនេះ គឺមិនមែនជាអាវុធនុយក្លេអ៊ែរ ឬការប្រើប្រាស់វានោះទេ ប៉ុន្តែគាត់ភ័យខ្លាចបំផុតនោះ គឺជាសង្គមរបស់គាត់ និងពលរដ្ឋរុស្សី ទាំងមូលពីព្រោះថា
ពួកគេនេះហើយ ដែលអាចមានលទ្ធភាព ក្នុងការដកគាត់ចេញពីតំណែង និងពីអំណាចហើយប្រគល់វា ទៅឲ្យអ្នកដទៃបាន៕
ប្រែសម្រួល៖ស៊ុនលី