ម៉ូស្គូ៖ សាជីវកម្មរដ្ឋរបស់រុស្ស៊ី Rostec បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រថា គំរូដើមនៃយន្តហោះដឹកអ្នកដំណើរធុន MC-21 របស់រុស្ស៊ី ដែលពីមុនត្រូវបាន សាកល្បងជាមួយម៉ាស៊ីន ដែលបាននាំចូលនោះ បានធ្វើការហោះហើរលើកដំបូង ជាមួយនឹងម៉ាស៊ីន PD-14 ដែលផលិតក្នុងស្រុក។
ការហោះហើរត្រូវបានធ្វើឡើង ពីអាកាសយានដ្ឋាននៅឯ រោងចក្រអាកាសចរណ៍ Irkutsk ។ យន្តហោះនេះបានក្លាយជា យន្តហោះទីពីរដែលធ្វើការហោះហើរដោយ ជោគជ័យជាមួយម៉ាស៊ីនរបស់រុស្ស៊ី។
យន្ដហោះធុន MC-21 គឺជាយន្តហោះដឹកអ្នកដំណើរធុនមធ្យម ដែលអាចផ្ទុកអ្នកដំណើរបានពី ១៦៣ ទៅ ២១១នាក់។ យន្តហោះនេះត្រូវបានបង្កើតឡើងដំបូង ជាមួយនឹងម៉ាស៊ីនពីរប្រភេទគឺ PD-14 របស់រុស្ស៊ី និងសហរដ្ឋអាមេរិក Pratt & Whitney PW1400G ។
គំរូដើមដំបូងត្រូវបានបំពាក់ដោយម៉ាស៊ីន PW1400G បានបញ្ចប់ការហោះហើរ លើកដំបូងរបស់ខ្លួនក្នុងឆ្នាំ២០១៧ ហើយគំរូដើម ដែលបានរចនាឡើង ដើម្បីបំពាក់ដោយម៉ាស៊ីន PD-14 បានបញ្ចប់ការហោះហើរសាកល្បង លើកដំបូងរបស់ខ្លួននៅក្នុងខែធ្នូ ឆ្នាំ២០២០ ។
គួរបញ្ជាក់ថា យោងតាម Rostec បានឱ្យដឹងថា សមាសធាតុបរទេសមួយចំនួន នៃគំរូថ្មីក៏ត្រូវបានជំនួស ដោយផលិតផលក្នុងស្រុក របស់រុស្ស៊ីផងដែរ ៕
ប្រែសម្រួល ឈូក បូរ៉ា