ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន អំពាវនាវឱ្យអង់គ្លេស ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន និងគាំទ្រដំណោះស្រាយរដ្ឋពីរ

រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammed Ishtaye បានអំពាវនាវឱ្យចក្រភពអង់គ្លេស ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅលើព្រំប្រទល់ឆ្នាំ១៩៦៧ ជាមួយទីក្រុងយេរ៉ូសាឡឹម ជារដ្ឋធានីរបស់ខ្លួន ហើយចាត់វិធានការធ្ងន់ធ្ងរប្រឆាំងនឹង ការតាំងទីលំនៅរបស់អ៊ីស្រាអែល។

លោក Ishtaye បានធ្វើការកត់សម្គាល់ ក្នុងអំឡុងពេលកិច្ចប្រជុំមួយ ដែលធ្វើឡើងនៅទីក្រុងរ៉ាម៉ាឡា នៃទីក្រុង West Bank ជាមួយលោក Stephen Hickey នាយកការិយាល័យបរទេស សម្រាប់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង របស់ចក្រភពអង់គ្លេស។

យោងតាមសេចក្តីថ្លែងការណ៍លោក Ishtaye បានប្រាប់លោក Hickey ថាអង់គ្លេសត្រូវតែប្រឆាំងការកាន់កាប់ របស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន និងរក្សាដំណោះស្រាយរដ្ឋពីរ ដែលអង់គ្លេសជឿជាក់។

លោក Ishtaye បានបន្ដថា “សហគមន៍អន្តរជាតិ មានទំនួលខុសត្រូវខ្ពស់ក្នុងការ ដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យបញ្ឈប់ការរំលោភបំពាន និងផែនការដោះស្រាយ ក៏ដូចជាបញ្ឈប់ការរារាំង ការបោះឆ្នោតប៉ាឡេស្ទីន ដែលនឹងធ្វើឡើងនៅក្នុងទឹកដីប៉ាឡេស្ទីន រួមទាំងក្រុងយេរ៉ូសាឡឹម ខាងកើតផងដែរ”។

លោកក៏បានអំពាវនាវដល់ មន្ត្រីការិយាល័យបរទេសរបស់អង់គ្លេស ឱ្យដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ឈប់ “ការកាត់ប្រាក់ខុសច្បាប់” របស់ខ្លួនពីពន្ធលើប្រាក់ចំណូល របស់ប៉ាឡេស្ទីន ដែលធ្វើឲ្យរដ្ឋាភិបាលប៉ាឡេស្ទីន ស្ថិតក្នុងស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថាលោក Ishtaye បានពិភាក្សាជាមួយលោក Hickey ពីគ្រោះថ្នាក់នៃសេចក្តីប្រកាស របស់នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Liz Truss អំពីចេតនារបស់លោកស្រី ក្នុងការផ្លាស់ទីស្ថានទូតរបស់ ប្រទេសនៅអ៊ីស្រាអែល ទៅកាន់ទីក្រុងយេរ៉ូសាឡឹម ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top