ព័ត៌មានអន្តរជាតិ

បាញ់ទៀតហើយ! កូរ៉េខាងជើង បាញ់មីស៊ីលផ្លោង បន្ថែមទៀតចូលក្នុងសមុទ្រទាំងព្រឹក 

សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួន២គ្រាប់ ចូលទៅក្នុងសមុទ្រនៅថ្ងៃអាទិត្យ ដែលជាការបាញ់បង្ហោះចុងក្រោយបំផុត ចំពេលមានភាពតានតឹងជុំវិញសមយុទ្ធយោធាដឹកនាំ ដោយសហរដ្ឋអាមេរិកនៅក្នុងតំបន់ ។ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ ។

អគ្គសេនាធិការចម្រុះរបស់យោធាកូរ៉េខាងត្បូង បានប្រកាសពីការបាញ់បង្ហោះពីភាគខាងត្បូង ឈៀងខាងកើតនៃប្រទេស ដែលជាលើកទី៧ និងទី៨ ក្នុងរយៈពេល២សប្តាហ៍ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនៅឡើយទេ ។

នាយសេនាធិការរួមបានលើកឡើងថា “ខណៈដែលពង្រឹងការត្រួតពិនិត្យ និងការប្រុងប្រយ័ត្ន យោធារបស់យើងកំពុងរក្សាាជំហរត្រៀមខ្លួនពេញលេញ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក” នេះបើតាមការរាយការណ៍របស់ ទីភ្នាក់ងារ Yonhap ។

គួររំលឹកថា ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍ បានអះអាងការបាញ់សាកល្បងមីស៊ីល នាពេលថ្មីៗនេះរបស់ខ្លួនថា ជាការប្រឆាំងស្របច្បាប់ ចំពោះការគំរាមកំហែងផ្នែកយោធារបស់សហរដ្ឋអាមេរិក បន្ទាប់ពីការធ្វើសមយុទ្ធយោធារួមគ្នាជាច្រើនថ្ងៃរវាងកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក ។

ការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន ក៏បានអះអាងថា យ៉ាងហោចណាស់បាញ់ម្តង នៃការចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ ដោយរាប់រៀបនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះ ។

ការិយាល័យនេះបានឲ្យដឹងថា “កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលផ្លោងដែលជាការសង្ស័យ ។ ការធ្វើបច្ចុប្បន្នភាពបន្ថែមទៀតនឹងធ្វើការតាមដានបន្ត” ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Kyodo បានឱ្យដឹងថា មីស៊ីលបាញ់ឆ្ពោះទៅសមុទ្រខាងកើត ឬហៅថា សមុទ្រជប៉ុន ហាក់បីដូចជាបានធ្លាក់នៅខាងក្រៅ តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ។ 

ទូរទស្សន៍ជាតិ NHK បានរាយការណ៍ថា ឆ្មាំឆ្នេរសមុទ្របានឲ្យដឹងថា រហូតមកដល់ពេលនេះ ខ្លួនមិនបានទទួលរបាយការណ៍ណាមួយអំពីការខូចខាតដល់នាវាជប៉ុននោះទេ ៕

To Top