បរទេស៖ ប៉ូលិសភូមិន្ទថៃ បាននិយាយកាលពីថ្ងៃចន្ទថា សាច់ប្រាក់ជាង ៩ លានបាតនឹងត្រូវប្រគល់ នៅថ្ងៃអង្គារដល់សាច់ញាត្តិ នៃជនរងគ្រោះនៃការសម្លាប់រង្គាលនៅ Nong Bua Lamphu ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា អតីតប៉ូលីសអាយុ ៣៤ ឆ្នាំម្នាក់បានផ្ទុះអាវុធ និងប្រើកាំបិត ចាក់សម្លាប់មនុស្ស នៅសាលាបណ្តុះក្មេងមួយកន្លែង ក្នុងសង្កាត់ Uthai Sawan កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលបានបណ្តាលឲ្យមនុស្ស ៣៦នាក់ស្លាប់ ក្នុងនោះមានកុមារតូចៗ ២៤ នាក់។
អគ្គស្នងការនគរបាលជាតិថៃ លោក Damrongsak Kittiprapas បាននិយាយថា ការបរិច្ចាគពីប៉ូលីស សាធារណៈ និងឯកជន គិតត្រឹមថ្ងៃច័ន្ទ មានចំនួនជាង ៩លានបាត។
លោកបានបន្ថែមថា ថ្មីៗនេះ ប៉ូលិសបានទទួលការបរិច្ចាគចំនួន ២,៥ លានបាតពីវិស័យសាធារណៈ និងឯកជន។
លោកបន្តថា «ប៉ូលិសនឹងប្រគល់អំណោយ ជាសាច់ប្រាក់ទៅឲ្យសាច់ញាតិ ជនរងគ្រោះក្នុងថ្ងៃបូជាសពនៅថ្ងៃទី១១ តុលា»។
លោកបានណែនាំឲ្យ ប្រជាពលរដ្ឋបរិច្ចាគសាច់ប្រាក់ ដល់អង្គការដែលគួរឲ្យទុកចិត្តបាន ហើយត្រូវប្រយ័ត្នចំពោះឧក្រិដ្ឋជនដែលអាចនឹងចង់ទាញយកប្រយោជន៍ ពីសោកនាដកម្មនេះ។
លោកបានបន្ថែមថា មន្ត្រីនគរបាល និងក្រុមគ្រួសារនៅតែអាច បរិច្ចាគជាសាច់ប្រាក់ ដើម្បីសម្រាលទុក្ខលំបាក របស់សាច់ញាតិជនរងគ្រោះ តាមរយៈគណនីធនាគាររបស់ អគ្គស្នងការនគរបាលជាតិ ៕
ប្រែសម្រួលៈ ណៃ តុលា