ព័ត៌មានអន្តរជាតិ

G-7 នឹង​រៀបចំ​ជំនួប​កំពូល ​បន្ទាន់​មួយ បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដោយមីស៊ីល ដ៏​ធំ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន 

តូក្យូ៖ មេដឹកនាំមកពីក្រុមប្រទេស ឧស្សាហកម្មទាំង៧ គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូល បន្ទាន់តាមអ៊ីនធឺណិតនៅថ្ងៃអង្គារនេះ មួយថ្ងៃបន្ទាប់ពីរុស្ស៊ីបានបញ្ចេញការវាយប្រហារមីស៊ីលដ៏ធំបំផុត មួយរបស់ខ្លួនលើអ៊ុយក្រែន ចាប់តាំងពីការឈ្លានពាន របស់ខ្លួនកាលពីចុងខែកុម្ភៈ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក៏គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលនេះផងដែរ ក្នុងការប៉ុនប៉ងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសសមាជិក G-7 ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា រុស្ស៊ីអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រក្នុងសង្គ្រាមប្រឆាំងនឹងប្រទេសជិតខាង។

កិច្ចប្រជុំបន្ទាន់ G-7 ត្រូវបានរៀបចំឡើងបន្ទាប់ពីទីក្រុងម៉ូស្គូ បានសងសឹក ចំពោះការវាយប្រហារកាលពីចុងសប្តាហ៍មុនលើស្ពានដ៏សំខាន់មួយតភ្ជាប់រុស្ស៊ីជាមួយតំបន់គ្រីមៀ ដែលខ្លួនបានស្តីបន្ទោសលើអ៊ុយក្រែន។

ប្រទេសរុស្ស៊ីបានឲ្យដឹងថា ការវាយប្រហារមីស៊ីលរបស់ខ្លួនកាលពីថ្ងៃចន្ទប្រឆាំងនឹងទីក្រុងគៀវ និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន បានកំណត់គោលដៅលើមូលដ្ឋានយោធា និងថាមពល ខណៈដែលអ៊ុយក្រែនបាននិយាយថាមនុស្សយ៉ាងហោចណាស់ ១៤នាក់ត្រូវបានសម្លាប់នៅទូទាំងប្រទេស។

កាលពីខែកញ្ញា លោកពូទីនបានប្រកាសការបញ្ចូលតំបន់កាន់កាប់អ៊ុយក្រែនចំនួន ៤ ដែលមានប្រហែល ១៥ភាគរយនៃទឹកដីរបស់ខ្លួន បន្ទាប់ពីទីក្រុងមូស្គូបានអះអាងថា ប្រជាជនក្នុងតំបន់បានបោះឆ្នោត ដើម្បីចូលរួមជាមួយប្រទេសរុស្ស៊ីក្នុងការបោះឆ្នោតប្រជាមតិ ដោយទីក្រុងគៀវ និងលោកខាងលិចបានថ្កោលទោសពួកគេថា មិនស្របច្បាប់។

ប្រទេសអាល្លឺម៉ង់ ដែលបច្ចុប្បន្នជាប្រធាន G-7 បានឲ្យដឹងថា លោក Zelenskyy ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃអង្គារដោយបន្ថែមថា លោកទំនងជានឹងបង្ហាញខ្លួននៅដើមដំបូងនៃសន្និសីទវីដេអូ៕

To Top