រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ថា ប្រភពមួយដែលដឹងអំពី បញ្ហានេះបានឲ្យដឹងថា តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា នៅថ្ងៃពុធនេះ តុលាបានកាត់ទោសមេដឹកនាំ ដែលត្រូវបានគេទម្លាក់ ពីតំណែងលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំពីបទទទួលសំណូក ។
ម្ចាស់ជ័យលាភីណូបែលវ័យ ៧៧ឆ្នាំ ដែលជាឥស្សរជននៃការប្រឆាំង ទៅនឹងការគ្រប់គ្រងដោយយោធា ប្រឈមមុខនឹងការចោទប្រកាន់ យ៉ាងហោចណាស់ ១៨លើក ពីបទល្មើសចាប់ពីអំពើពុករលួយ រហូតដល់ការរំលោភលើការបោះឆ្នោត ដែលមានរយៈពេលអតិបរមា រួមបញ្ចូលគ្នាជិត១៩០ឆ្នាំ ។
អ្នកស្រី អ៊ុងសាន ស៊ូជី បានហៅការចោទប្រកាន់ មកលើលោកស្រីថា មិនសមហេតុផល ហើយបានបដិសេធ រាល់ការប្រព្រឹត្តខុស ។ លោកស្រីកំពុងត្រូវឃុំខ្លួន ក្នុងការឃុំឃាំងតែឯង ក្នុងរដ្ឋធានីណៃពិដោ ហើយការកាត់ទោស របស់លោកស្រីត្រូវបានធ្វើឡើង នៅក្នុងតុលាការដោយកំបាំងមុខ ។
ប្រភពដែលបដិសេធ មិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការចោទប្រកាន់ចុងក្រោយ គឺទាក់ទងទៅនឹងការចោទ ប្រកាន់លោកស្រី អ៊ុងសាន ស៊ូជី ទទួលយកសំណូកពីពាណិជ្ជករ ។
លោកស្រី អ៊ុងសាន ស៊ូជី បានទទួលការកាត់ទោសឱ្យ ជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ លើបទចោទប្រកាន់ចំនួន២ ដើម្បីអនុវត្តក្នុងពេលដំណាលគ្នា ។
ក្រុមអ្នកប្រឆាំងរបស់យោធាបានឲ្យដឹងថា ការចោទប្រកាន់ប្រឆាំងនឹងលោកស្រី អ៊ុងសាន ស៊ូជី មានគោលបំណងរារាំងលោកស្រី មិនឲ្យចូលរួមក្នុងនយោបាយម្តងទៀត ឬព្យាយាមប្រឆាំងនឹង ការកាន់កាប់អំណាចរបស់ យោធាចាប់តាំងពីរដ្ឋប្រហារឆ្នាំមុន ។
អ្នកនាំពាក្យរបបយោធា មិនបានលើកទូរស័ព្ទដើម្បីស្វែងរក ការអត្ថាធិប្បាយទេនៅថ្ងៃពុធនេះ ។ របបយោធាទទូចថា តុលាការមីយ៉ាន់ម៉ា មានឯករាជ្យ ហើយអ្នកដែលត្រូវចាប់ខ្លួន កំពុងទទួលបានដំណើរការត្រឹមត្រូវ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា