ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិ អនុម័តថា ការបញ្ចូលតំបន់ចំនួន៤ របស់អ៊ុយក្រែន ធ្វើឡើងដោយរុស្ស៊ី គឺពិតជាខុសច្បាប់មែន

ញូវយ៉ក៖ មហាសន្និបាតអង្គការ សហប្រជាជាតិបានអនុម័ត សេចក្តីសម្រេចមួយកាលពីថ្ងៃពុធ ដែលរិះគន់រុស្ស៊ី ចំពោះការបញ្ចូលតំបន់អ៊ុយក្រែនចំនួន៤ កាលពីខែមុន និងកំណត់ការធ្វើប្រជាមតិ ដែលសំដៅលើការបញ្ជាក់ ភាពត្រឹមត្រូវនៃការពង្រីកទឹកដីគឺ “ខុសច្បាប់” ។

សភារបស់ស្ថាប័នពិភពលោកមួយនេះ ក៏បានជំរុញឱ្យទីក្រុងម៉ូស្គូ ដកសេចក្តីប្រកាសនៃការបញ្ចូលតំបន់ Luhansk, Donetsk, Kherson និង Zaporizhzhia ដែលជាផ្នែកនៃការលុកលុយ ទេសជិតខាងរបស់ខ្លួន ដែលបានចាប់ផ្តើមកាលពីក្នុងខែកុម្ភៈ។

សភា​ដែល​មាន​សមាជិក​ចំនួន ១៩៣​រូប បាន​អនុម័ត​លើ​សេចក្តី​សម្រេច​នេះ ​ដោយ​សំឡេង​គាំទ្រ ១៤៣។ សមាជិក ៥នាក់ រួមទាំងរុស្ស៊ី និងបេឡារុស្ស បានជំទាស់ ខណៈចិន ឥណ្ឌា និង ៣៣នាក់ផ្សេងទៀត អនុប្បវាទ។

មហាសន្និបាតបាន “ថ្កោលទោស” ការធ្វើប្រជាមតិ និងការបញ្ចូលជាបន្តបន្ទាប់នៃតំបន់ និងព្រឹត្តិការណ៍នានា “មិនមានសុពលភាពក្រោមច្បាប់អន្តរជាតិ និងមិនមានមូលដ្ឋាន សម្រាប់ការផ្លាស់ប្តូរស្ថានភាពនៃ តំបន់ទាំងនេះនៃអ៊ុយក្រែននោះទេ” ។

សន្និបាតបានឲ្យដឹងទៀតថា សកម្មភាពនេះគឺ “មិនស្របនឹង” គោលការណ៍នៃធម្មនុញ្ញ អង្គការសហប្រជាជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងសម័យប្រជុំថា “ប្រទេសមួយមិនអាចយកទឹកដី នៃប្រទេសមួយផ្សេងទៀត ដោយកម្លាំងបាននោះទេ” ។ អ្នកស្រីបានបន្ដថា “ប្រសិនបើអ្នកជារដ្ឋសមាជិក របស់អង្គការសហប្រជាជាតិ ព្រំដែនរបស់អ្នក គឺជារបស់អ្នក ហើយត្រូវបានការពារដោយច្បាប់អន្តរជាតិ”។

ឯកអគ្គរដ្ឋទូតរុស្ស៊ី Vasily Nebenzya បានការពារការបញ្ចូលឧបសម្ព័ន្ធនេះ ដោយឲ្យដឹងនៅក្នុងសម័យប្រជុំថា លទ្ធផលនៃការធ្វើប្រជាមតិបង្ហាញថា ប្រជាជនក្នុងតំបន់ “មិនចង់ត្រឡប់ទៅអ៊ុយក្រែនវិញនោះទេ” ហើយការបោះឆ្នោតត្រូវបានធ្វើឡើង “ស្របតាមបទដ្ឋាន និងគោលការណ៍នៃច្បាប់អន្តរជាតិ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top