ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងមិនទទួលស្គាល់ការស៊ើបអង្កេត ការលេចធ្លាយបំពង់ឧស្ម័ន Nord Stream ឡើយ ប្រសិនបើអ្នកជំនាញក្នុងស្រុក ត្រូវបានដកចេញ

ម៉ូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ប្រសិនបើគ្មានការចូលរួមពីអ្នកជំនាញរុស្ស៊ីទេនោះ ទីក្រុងម៉ូស្គូ នឹងមិនទទួលស្គាល់លទ្ធផល នៃការស៊ើបអង្កេតលើការលេចធ្លាយបំពង់បង្ហូរប្រេង Nord Stream នោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានឲ្យដឹងថា ខ្លួនបានកោះហៅបេសកជន មកពីប្រទេសអាល្លឺម៉ង់ ដាណឺម៉ាក និងស៊ុយអែត ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីបង្ហាញពី “ការភ្ញាក់ផ្អើល” ជុំវិញការដករុស្ស៊ីចេញពីការស៊ើបអង្កេតរួមគ្នា មួយនៅក្នុងការបំផ្លិចបំផ្លាញនេះ។

ក្រសួងបានឲ្យដឹងទៀតថា ប្រសិនបើអ្នកជំនាញរុស្ស៊ី មិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការស៊ើបអង្កេតនោះ “ទីក្រុងម៉ូស្គូ នឹងបន្តពីការពិតដែលថាប្រទេស ដែលបានរៀបរាប់មានអ្វីមួយដែលត្រូវលាក់បាំង ឬកំពុងបិទបាំង ចំពោះជនល្មើសនៃអំពើភេរវកម្មទាំងនេះ”។

ប្រភពបានបន្ថែមថា “ពិតណាស់រុស្ស៊ី នឹងមិនទទួលស្គាល់ “លទ្ធផលក្លែងក្លាយ” ណាមួយនៃការស៊ើបអង្កេតបែបនេះទេ លុះត្រាតែអ្នកជំនាញរុស្ស៊ី បានចូលរួមក្នុងការស៊ើបអង្កេតរួមគ្នានោះ។

នៅថ្ងៃទី២៦ ខែកញ្ញា ការផ្ទុះជាបន្តបន្ទាប់ និងការលេចធ្លាយឧស្ម័នជាបន្តបន្ទាប់ បានកើតឡើងនៅលើបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream 1 និង Nord Stream 2 ដែលបណ្តាលឱ្យអ្វីដែលអាចជាការបញ្ចេញឧស្ម័នមេតានដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top