STRASBOURG ៖ កាលពីថ្ងៃព្រហស្បតិ៍ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការដាក់ទណ្ឌកម្មលើ “អ្នកសម្លាប់ និងធ្វើ ទារុណកម្ម” របស់រុស្ស៊ីទាំងអស់ ហើយបានអំពាវនាវឱ្យមានប្រព័ន្ធការពារដែន អាកាសបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹង ការវាយប្រហារជាថ្មីរបស់ទីក្រុងម៉ូស្គូ ។ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ។
លោក Zelenskyy បានប្រាប់ដល់សភា នៃក្រុមប្រឹក្សាអឺរ៉ុប ហៅកាត់ (PACE) ថា ការនាំយកជនល្មើសមក គឺជាការចាំបាច់ ដើម្បីធានាសន្តិភាពយូរអង្វែង នៅលើទ្វីបនេះ ។
លោកបានថ្លែងថា “យើងត្រូវបន្តការសន្ទនារបស់យើង ដើម្បីរក្សាប្រទេសរុស្ស៊ី ជារដ្ឋឈ្លានពាន ហើយអ្នកសម្លាប់ និងធ្វើទារុណកម្មរុស្ស៊ីម្នាក់ៗ ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មទាំងអស់នៅក្នុងសង្រ្គាមនេះ សម្រាប់រាល់ការបង្ហាញ នៃអំពើភេរវកម្ម” គាត់បានថ្លែងដូច្នេះតាមរយៈតំណភ្ជាប់វីដេអូមួយ ។
“នៅគ្រាដែលយន្តការច្បាប់ទាំងនេះត្រូវបានបង្កើតឡើង និងដំណើរការ វានឹងក្លាយជាការធានា ដ៏មានឥទ្ធិពលបំផុតមួយនៃសន្តិភាពរយៈពេលវែង” ។
គួររំលឹកថា មេដឹកនាំអ៊ុយក្រែនបានធ្វើការអំពាវនាវ ស្រដៀងគ្នានេះកាលពីចុងខែកញ្ញា នៅឯអង្គការសហប្រជាជាតិ ៕