បរទេស៖ លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃសុក្របានព្រមាន បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ីកណ្តាល-រុស្ស៊ីនៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ថា ការដាក់កងទ័ពណាតូ ទៅក្នុងទំនាក់ទំនង ដោយផ្ទាល់ជាមួយ កងទ័ពរុស្ស៊ី នឹងក្លាយជាជំហានដ៏ល្ងង់ខ្លៅ ដែលអាចនាំទៅរក “មហន្តរាយពិភពលោក” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា នៅពេលសួរថាតើ NATO អាចនឹងបញ្ជូនកងទ័ពចូល ទៅក្នុងអ៊ុយក្រែនទេ ប្រសិនបើប្រទេសនេះជិតចាញ់ ក្នុងជម្លោះរបស់ខ្លួន ជាមួយរុស្ស៊ីនោះ លោក ពូទីន បាននិយាយថា នេះនឹងជា “ជំហានដ៏គ្រោះថ្នាក់ ដែលអាចនាំឱ្យមានមហន្តរាយ ពិភពលោក” ។
លោក ពូទីន បាននិយាយថា “ខ្ញុំសង្ឃឹមថាអ្នកដែលនិយាយអំពីរឿងនេះ នឹងមានបញ្ញាគ្រប់គ្រាន់ ដើម្បីការពារជំហានដ៏គ្រោះថ្នាក់ បែបនេះកុំឱ្យកើតឡើង” ។
មេដឹកនាំរុស្ស៊ីរូបនេះ ក៏បាននិយាយដែរថា វាចាំបាច់ត្រូវយល់ពី អត្ថន័យមួយនៃពាក្យ «ចាញ់» ក្នុងបរិបទនៃវិបត្តិ អ៊ុយក្រែន។
លោកបានបន្ថែមថា “មនុស្សគ្រប់គ្នាអាចយល់ ពីរឿងនេះខុសគ្នា” ដោយពន្យល់ថា អ្នកខ្លះប្រហែលជាបានឃើញរួចហើយ ថាតំបន់ គ្រីមៀ បានបោះឆ្នោតឱ្យក្លាយជាផ្នែកមួយ នៃប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៤ ជាការបរាជ័យ សម្រាប់អ៊ុយក្រែន។
លោកបានបន្ថែមថា៖ «យើងត្រូវយល់ពីអត្ថន័យ នៃការបរាជ័យ៕
ប្រែសម្រួលៈ ណៃ តុលា