ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ធ្វើទំនើបកម្មប្រព័ន្ធការពារ ដែនអាកាស Bavar-373 អាចបាញ់ទៅដល់ ៣០០គីឡូម៉ែត្រ

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim news នៅថ្ងៃនេះបានចេញផ្សាយថា ប្រទេសអ៊ីរ៉ង់បានជោគជ័យ ក្នុងការធ្វើទំនើបកម្មអាវុធការពារ ដែនអាកាសប្រភេទ Bavar-373 របស់ខ្លួន ទៅក្នុងចំងាយថ្មីដល់ទៅ ៣០០គីឡូម៉ែត្រហើយ។

ការអាប់ក្រេតនេះធ្វើឡើង ជាមួយនឹងប្រព័ន្ធការពារដែនអាកាស ប្រឆាំងមីស៊ីលដែលជាផលិតផល ក្នុងស្រុករបស់ខ្លួន ហើយអ៊ីរ៉ង់ក៏បានធ្វើការ តេស្តរួចរាល់ហើយដែរ ។ រំលឹកដែរថា អាវុធប្រភេទនេះ Bavar-373 បានបង្ហាញខ្លួនដំបូង កាលពីឆ្នាំ២០១៩មកម្ល៉េះ ដោយសមត្ថភាពរបស់វា អាចបាញ់បានត្រឹមតែ ២០០គីឡូម៉ែត្រប៉ុណ្ណោះ កាលពីដំបូងឡើយ។

មេបញ្ជាការម្នាក់បានថ្លែងប្រាប់ទៅកាន់ Tasnim news ថា៖ បច្ចុប្បន្នយើងកំពុងធ្វើការ តាមដាននិងត្រួតពិនិត្យ ស្ថានភាពរបស់សត្រូវរបស់យើង ខណៈដែលរ៉ាដារបស់អ៊ីរ៉ង់ អាចមើលបានក្នុងចំងាយដល់ ទៅរាប់ពាន់គីឡូម៉ែត្រ។

ប្រភពដដែលបានអះអាងទៀតថា បច្ចេកវិទ្យាថ្មីរបស់ Bavar-373 មិនត្រឹមតែប៉ុណ្ណោះអាច ថែមទាំងឆ្លងកាត់ឧបសគ្គដូចជា អាវុធអគ្គិសនី និងគ្រាប់បែកមេដែកខ្លាំង ហើយថែមទាំងអាចគេចចេញ ពីប្រព័ន្ធរ៉ាដានិងមីស៊ីលប្រឆាំងវិទ្យុសកម្ម ដែលអាចរារាំងប្រព័ន្ធការពារ ដែនអាកាសបានថែមទៀតផង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top