ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ចាប់ផ្ដើមចម្រាញ់ ប្រេងឆៅរបស់ខ្លួន នៅក្នុងប្រទេស វេណេស៊ុយអេឡា

តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន SHANA ដែលជាប់ទាក់ទងជាមួយក្រសួង របស់លោក បានរាយការណ៍ថា រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់លោក Javad Owji បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមចម្រាញ់ប្រេងឆៅរបស់ខ្លួន នៅក្នុងប្រទេស វេណេស៊ុយអេឡា។

លោក Owji ត្រូវបានដកស្រង់សម្តី ដោយ SHANA បានលើកឡើងថា ប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមកែច្នៃប្រេងឆៅប្រហែល ១០ម៉ឺន បារ៉ែលក្នុងមួយថ្ងៃ នៅក្នុងរោងចក្រចម្រាញ់ប្រេង El Palito របស់ប្រទេស វេណេស៊ុយអេឡា ។

លោកបានលើកឡើងថា “នេះគឺជាសុបិន ដ៏យូរអង្វែង និងអាយុ ៤៣ឆ្នាំ ដែលត្រូវបានសម្រេច តាមរយៈការខិតខំប្រឹងប្រែង របស់សហសេវិករបស់ខ្ញុំ នៅឯក្រុមហ៊ុនចម្រាញ់ និងចែកចាយប្រេងជាតិ អ៊ីរ៉ង់ (NIORDC)” ។

លោក Jalil Salari ប្រធាន NIORDC បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការ ដើម្បីពង្រីកប្រតិបត្តិការរោងចក្រ ចម្រាញ់ប្រេងរបស់ប្រទេសអ៊ីរ៉ង់ នៅក្នុងគម្រោងក្រៅប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

យោងតាមសារព័ត៌មាន Press TV អ៊ីរ៉ង់បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ១១៦លានដុល្លារអាមេរិក។ កិច្ចសន្យាប្រាក់ដុល្លារ ជាមួយក្រុមហ៊ុនប្រេងរដ្ឋ វេណេស៊ុយអេឡា PDVSA ក្នុងខែឧសភា ដើម្បីជួសជុល និងពង្រីករោងចក្រចម្រាញ់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top